ភាគីថៃបន្តទទូចឱ្យរដ្ឋាភិបាលរបស់ខ្លួនខួងប្រេងរួមគ្នាជាមួយកម្ពុជានៅតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ

0

ដោយ: គង់ លាងហួរ

បាងកក: បណ្តាស្ថាប័ននានាបានជំរុញឱ្យ រដ្ឋាភិបាល​ថៃ​ជួបពិភាក្សា​ ជាមួយ​ភាគីខាងរដ្ឋាភិបាលកម្ពុជា​ លើ​ការអភិវឌ្ឍ ប្រេងរួមគ្នា នៅតំបន់​ទាមទារ​ត្រួតស៊ីគ្នា(OCA) ក្នុងឈូងសមុទ្រថៃ ខណៈសង្គ្រាម​រវាងប្រទេសអ៊ីស្រាអែល និងក្រុមហេបូឡានៅ​តំបន់មជ្ឈិមបូព៌ា​ មាន​លទ្ធភាព​ផ្ទុះរីករាលដាលកាន់តែខ្លាំង។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានអំពាវនាវ ឱ្យរដ្ឋាភិបាលពិភាក្សាឱ្យបានឆាប់ អំពីតំបន់ទាម​ទារត្រួតស៊ីគ្នា (OCA) ជាមួយកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការកើនឡើងតម្លៃប្រេងឥន្ធនៈ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាអាចពង្រីកទៅជាសង្រ្គាមធំពេញលក្ខណៈ។

តំបន់ទាមទារត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា ឬហៅកាត់ថា (OCA) ជាផ្នែកមួយនៃឈូងសមុទ្រថៃ ដែលមានផ្ទៃក្រឡា២៧.០០០គីឡូម៉ែត្រការ៉េ និងមានសក្តានុពលផ្ទុកឧស្ម័នធម្មជាតិ និងប្រេងយ៉ាងច្រើននៅបាតសមុទ្រ។

លោក Danucha Pichayanan អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានលើកឡើងថា ការចរចាត្រូវតែផ្តោតលើការធានាស្ថិរភាព ថាមពលរយៈពេលវែង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ។

លោកបានស្នើឡើងថា កិច្ចពិភាក្សាអាចប្រើប្រាស់គម្រូនៃការចរចាតំបន់អភិវឌ្ឍន៍រួមគ្នា JDA (Joint Development Area) ព្រោះកន្លងទៅ គម្រូនេះធ្លាប់ទទួលបានជោគជ័យ រវាងប្រទេ​សថៃ និងម៉ាឡេស៊ី ដោយលោកបន្ថែមថា ប្រទេសថៃមានដើមទុនវិនិយោគគ្រប់គ្រាន់ ដើម្បីជួយសម្រួលទម្រង់ប្រតិបត្តិការផ្សេងៗនៅក្នុងតំបន់OCA ។

តំបន់ទាមទារត្រួតស៊ីគ្នានេះ មានធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអាចជួយបង្កើតសន្តិសុខ ថាមពលរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ និងកាត់បន្ថយការប្រែប្រួលនៃតម្លៃថាមពល នៅក្នុងករណីមានសង្គ្រាម នៅក្នុងតំបន់ផលិតប្រេងធំៗនៅលើពិភពលោក។

លោកបានស្នើឱ្យរដ្ឋាភិបាលថៃ ជួយសម្រួលដល់លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលក្នុងវិស័យឧស្សាហកម្មថាមពល រួមទាំងការអភិវឌ្ឍន៍កម្លាំងពលកម្មជំនាញ ក្នុងវិស័យនេះ និងបោះទុនវិនិយោគ ដើម្បីបង្កើនការចាប់យក និងការផ្ទេរបច្ចេកវិទ្យាទំនើប។

លោកក៏បានស្នើឱ្យបង្កើនទំហំ នៃមូលនិធិលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិក្នុងការដេញថ្លៃ ដើម្បីផ្តល់នូវអត្ថប្រយោជន៍បន្ថែម និងសិទ្ធិផ្សព្វផ្សាយ ដើម្បីទាក់ទាញវិនិយោ​គិនបរទេស ដែលមានសក្តានុពលនៅក្នុងឧស្សាហកម្មគោលដៅផងដែរ៕ប្រភព: The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here