មន្រ្តីជាន់ខ្ពស់កម្ពុជាជួបពិភាក្សាដើម្បីទាក់ទាញអ្នកធុរកិច្ច អាមេរិកមកកាន់កម្ពុជា

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជា លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានជូបជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនអាមេរិកមួយចំនួន ដើម្បីទាក់ទាញឲ្យពួកគេពង្រីកការវិនិយោគ និងឈានជើងចូលមកវិនិយោគនៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្រោមការសម្របសម្រួ​លពីសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក។

ដំណើរគោះទ្វារអ្នកវិនិយោគអាមេរិកនេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតអំពីបរិ​យាកាសវិនិយោគនៅកម្ពុជា កញ្ចប់លើកទឹកចិត្តនានា និងកិច្ចសម្របសម្រួលវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារខាងលើនេះ លោកឧបនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ក្រុមហ៊ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា រួចរាល់ពិនិត្យលទ្ធភាព ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀត និងចំពោះក្រុមហ៊ុនដែលពុំទាន់បានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា សូមពិនិត្យលទ្ធភាពស្វែងរកការបណ្ដាក់ទុន នាពេលណាមួយខាងមុខនេះ ក្រោមកិច្ចសម្រ​បសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលនៅថ្ងៃដដែល បានធ្វើជំនួបពិសារអាហារជាមួយសមាជិក សមា​ជិការនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដើម្បីចែករំលែកអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយមានអ្នកធុរកិច្ចអាមេរិកប្រមាណ៥០រូបចូលរួមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here