ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីទិន្នន័យបានបង្ហាញថា ទីផ្សារការងារអាមេរិកមានភាពរឹងមាំ ខណៈអត្រាអ្នកគ្មានការងារធ្វើនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះមកនៅត្រឹម៤,១ភាគរយកាលពីខែកញ្ញា។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៦ភាគរយដល់២៦៤៥,២១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៧ភាគរយដល់២៦៦៥,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥២,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៦៧,៨០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះតិចតួចមកនៅត្រឹម១០២,៤៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៥២ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៤%ដល់៣២,៣៥ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ០,៤៦%ដល់៩៩៧,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៨៥%ដល់១.០១៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក៕
