ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន បានដឹកនាំកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
កិច្ចប្រជុំកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារ “ឃ” “ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន តាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម (ZOOM) ក្រោមអធីបតីភាព លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន លោកអានូដ ដាក សហប្រធានក្រុមការងារ “ឃ” តំណាងផ្នែកឯកជន។
-->
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្ត្រីពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ក្រសួងរ៉ែនិងថាមពល និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនឹងក្រុមការងារ និងសមាជិក សមាជិកានៃក្រុមកាងារផ្នែកឯកជនជាច្រើន ដែលបានចូលរួមពីចម្ងាយតាមរយៈហ្សូម (ZOOM)។
គោលបំណងនៃកិច្ចប្រជុំនេះ គឺពិនិត្យពិភាក្សាលើបញ្ហាប្រឈម និងធាតុចូលពីវិស័យឯកជន រួមមានប្រធានបទនៃការពិភាក្សា៖ ១. បញ្ហាបន្ទាន់សម្រាប់ធ្វើការអន្តរាគមន៍ ជូនរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈម ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា, ២. ពន្ធលើការនាំចេញលើការប្រមូលពន្ធទង់ដែង (២៥% លើតម្លៃលក់បូកនឹងថ្លៃដឹកជញ្ជូន) ធ្វើឱ្យការជីកយករ៉ែទង់ដែងមិនរកប្រាក់ចំណេញ, ៣. ការប្រាក់លើសកំណត់គិតលើការវាយតម្លៃឡើងវិញ ៤. ការអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំមុន។
កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា៕
