ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ទីតាំងដីនៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដែលស្ថិតនៅក្នុងខណ្ឌទួលគោក បច្ចុប្បនេះ គឺមិនឱ្យមានការដូរទីតាំងអគារទីស្នាក់ការជាមួយក្រុមហ៊ុនឯកជនឡើយ។
សម្តេចបានមានប្រសាសន៍បែនេះ ក្នុងពិធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំទី១៣ នាព្រឹកថ្ងៃទី២៦ មិនានេះថា “ទោះបីស្ថិតនៅក្នុងការគ្រប់គ្រង របស់អ្នកជំនាន់ក្រោយប៉ុន្មានជំនាន់ទៀតក៏ដោយ គឺត្រូវរក្សាទុកវិទ្យាស្ថានេះឱ្យខានតែបាន”។
សម្តេចបន្តថា ទន្ទឹមនឹងនេះដែរ ប្រសិនបើវិទ្យាស្ថាន CDRI ខ្វះអាគារសម្រាប់បំពេញការងារ សម្តេច សុខចិត្តប្រមែប្រមូល និងធ្វើការអំពាវនាវដល់សប្បុរសជន ដើម្បីចូលរួមបរិច្ចាគថវិកាក្នុងការកសាងអគារនេះឡើង ដើម្បីឱ្យវិទ្យាស្ថាន CDRI នេះ ក្លាយទៅជាធនាគារខួរក្បាល ដែល សម្តេចតេជោបានខិតខំបង្កើត និងថែរក្សាបានរយៈពេល២៩ឆ្នាំមកហើយ ដោយមានការចូលរួមពីឯឧ ជា ចាន់តូ និងលោកស្រី អេវ៉ា។

ជារៀងរាល់ឆ្នាំ វិទ្យាស្ថាន CDRI តែងតែរៀបចំធ្វើសន្និសីទស្តីពី ចក្ខុវិស័យប្រទេសកម្ពុជា ដើម្បីបង្កើតការសិក្សាស្រាវជ្រាវ ហើយអ្នកចូលរួមគឺសុទ្ធតែជាអ្នកតាក់តែងគោលនយោបាយ និងអ្នករៀបចំនិងគ្រប់គ្រង ដែលផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើង៕






