កម្ពុជា ជប៉ុនបើកកិច្ចប្រជុំសំដៅលើការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ឋដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក

0

ដោយៈ និស្ស័យ

      ភ្នំពេញៈ  មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះសម្រាប់សម្របសម្រួលការអនុវត្ត គម្រោងស្តីពីការពង្រឹងសមត្ថភាព ក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា។

កិច្ចប្រជុំកាលពីចុងសប្តាហ៍មុននេះ ត្រូវបានដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋមន្ត្រីស្ដីទីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការចម្រុះ សម្រាប់សម្របសម្រួលការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពក្នុងការសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ជំហានទី៣ និងលោក Tanaka Yukinari ប្រ​ធានបេសកកម្ម នៃស្នាក់ការកណ្ដាលទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានអញ្ជើញជាសហប្រ​ធាន ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការចម្រុះសម្រា​ប់សម្របសម្រួល (JCC) អន្តរក្រសួង។

កិច្ចប្រជុំដ៏សំខាន់នេះ ធ្វើឡើងដើម្បីពិនិត្យដំណើរការនៃការអនុវត្តគម្រោងស្តីពី ការពង្រឹងសមត្ថភាពសម្របសម្រួល សម្រាប់ការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មកម្ពុជា ស​ម្រាប់ជំហានទី៣  ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវចរា​ចរណ៍ឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក និងផ្លូវទឹក។

អង្គប្រជុំបានផ្តោតការពិភាក្សាលម្អិត លើផែនការសកម្ម​ភាពអនុវត្តន៍ គម្រោងទាំងផ្នែកទន់ និងផ្នែករឹង រួមជាមួយការតាមដានការអនុវត្តគម្រោងជាច្រើន ក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP) ដែលរាជរដ្ឋាភិបាលបានអនុម័តកាលទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

គម្រោងនេះមានគោលបំណងសំខាន់ៗ រួមមាន៖ (១) ការរៀបចំផែនការ និងការវិភាគដោយផ្អែកលើ ទិន្នន័យភស្តុភារកម្មកម្ពុជា ការតាមដានរបាយការណ៍ ភស្តុភារកម្មប្រចាំឆ្នាំ និងការតាមដានការអនុវត្ត គោលនយោបាយលើការដឹកជញ្ជូន និង​ភស្តុភារកម្ម វឌ្ឍនភាពការអនុវត្តផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS-MP)   (២) ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងការដឹកជញ្ជូនទំនិញ តាមផ្លូវគោកនិងផ្លូវរថភ្លើង និង (៣) ការសម្របសម្រួលចរាចរណ៍ ឆ្លងកាត់ព្រំដែនតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក ។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្ត្រីស្ដីទី ជំរុញឱ្យក្រុមការ​ងារទាំងអស់ បន្តកិច្ចសហការបន្ថែមទៀត ដើម្បីជំរុញការអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ សំដៅលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងនូវវិស័យដឹកជញ្ជូន និងភស្ដុភារកម្មកម្ពុជាឱ្យកាន់​តែមានភាពរីកចម្រើនថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here