តើផលទុនជាតិសរុបនៅរដ្ឋធានីប្រទេសធំៗនិមួយៗរួមចំណែកសេដ្ឋកិច្ចប្រទេសពួកគេប៉ុណ្ណា?

0

ដោយ: គង់ លាងហួរ

សេអ៊ូល: កូរ៉េខាងត្បូងជាប្រទេស ដែលពឹងផ្អែកយ៉ាងខ្លាំងបំផុត ​ទៅលើរដ្ឋធានីសេអ៊ូលរបស់ខ្លួន សម្រាប់ការបង្កើតផលទុនជាតិសរុប (GDP) និងបង្កើតការងារ ក្នុងចំណោមបណ្តាប្រ​ទេសអ្នកមានចំនួន៧។ នេះបើយោងតាមសារពត៌មាន Korea Times។

បណ្តា​ប្រទេស​ចំនួន៦ផ្សេង​ទៀត​ រួមមានសហរដ្ឋ​អាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភព​អង់គ្លេស បារាំង និង​អ៊ីតាលី។ ប្រទេសទាំង៧ មានប្រាក់​ចំណូល ​សម្រាប់ប្រជាជន​ម្នាក់​ៗជាមធ្យមលើស​ពី៣០.០០០ដុល្លារក្នុងមួយឆ្នាំ និងមានចំនួន​ប្រជាជន​លើសពី៥០លាន​នាក់។

យោងតាមទិន្នន័យពីការសិក្សា ដែលចេញផ្សាយដោយលោក Kwon Young-jin តំណាងរាស្រ្តនៃគណបក្សកំពុងកាន់អំណាច People Power បានបង្ហាញថា ទីក្រុងសេអ៊ូល និងបណ្តាខេត្តជុំវិញរដ្ឋធានីមួយនេះ បានគ្របដណ្តប់ចំណែក៥២,៥ភាគរយ នៃផលទុនជាតិសរុប របស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងឆ្នាំ២០២២ និងគ្របដណ្តប់ចំណែក៥៨,៥ភាគរយ នៃចំនួនការងារសរុប នៅទូទាំងប្រទេសក្នុងឆ្នាំដដែល។

ការរួមចំណែករបស់រដ្ឋធានីសេអ៊ូល ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង មានកម្រិតខ្ពស់ជាងរដ្ឋធានី របស់សហរដ្ឋអាមេរិកចំនួន១០ដង ខណៈទីក្រុងវ៉ាស៊ីនតោន គ្របដណ្តប់ចំណែកត្រឹមតែ៥,១ភាគរយប៉ុណ្ណោះ នៃផលទុនជាតិសរុបរបស់អាមេរិក និងគ្របដណ្តប់ចំណែក៤,៩ភាគរយ នៃការងារទាំងអស់នៅទូទាំងប្រទេស មហាអំណាចសេដ្ឋកិច្ចលេខ១ របស់ពិភពលោក។

ចំណែក ទីក្រុងតូក្យូនៅក្នុងប្រទេសជប៉ុន បានគ្របដណ្តប់ចំណែក២៤,៣ភាគរយ នៃផលទុនជាតិសរុប (GDP) ខណៈរដ្ឋធានីប៉ារីស បានគ្របដណ្តប់ចំណែក៣១,៣ភាគរយនៃ GDP នៅក្នុងប្រទេសបារាំង។

ចំណែក ទីក្រុងឡុងដ៍គ្របដណ្តប់ ចំណែក២៣,១ភាគរយនៃ GDP របស់ចក្រភពអង់គ្លេស ខណៈទីក្រុងរ៉ូមគ្របដណ្តប់ចំណែក១០,៩ភាគរយ នៅក្នុងប្រទេសអ៊ីតាលី ហើយទីក្រុងប៊ែរឡាំង គ្របដណ្តប់ចំណែក៤,៦ភាគរយ នៅក្នុងប្រទេសអាល្លឺម៉ង់៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here