ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនAmatak Property Service លោកស្រីតាំង ហួរបានបង្ហើបឲ្យដឹងថា អ្នកមានលំហូរសាច់ប្រាក់ល្អ ពួកគេនៅតែចាប់អារម្មណ៍ទិញដី នៅភាគខាងជើងរាជធានីភ្នំពេញ។
លោកស្រីបានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា ក្រៅពីតំបន់ភាគខាងត្បូងរាជធានី លើផ្លូវ៦០ម៉ែត្រ និងមហាវិថីតភ្ជាប់ពីផ្លូវជាតិលេខ២ ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ យើងឃើញមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគមួយចំនួន ដែលសម្លឹងរកទិញដីនៅតាមបណ្តោយផ្លូវជាតិលេខ៦អា និងតំបន់ជុំវិញ។
លោកស្រីបន្តថា “ទោះជាយ៉ាងណា ពួកគេនៅតែស្វែងរកទិញដី ដែលមានទីតាំងល្អ និងតម្លៃក្រោមទីផ្សារទើបពួកគេចាប់អារម្មណ៍”។ លោកស្រីបន្តថា “ស្ថានភាពនេះ ដីមិនទាន់ឡើងថ្លៃនៅឡើយទេ តែមានតម្រូវការពីអ្នកនៅសល់លុយទិញ ទុកលក់យកចំណេញនាពេលអនាគត”។
តំបន់ផ្លូវជាតិលេខ៦អា មានការអភិវឌ្ឍន៍ច្រើនពិសេសបុរីប្រមាណ១០បាននិងកំពុងបើកលក់ និងសាងសង់នៅតំបន់នេះ ដោយសារជាតំបន់ មានលក្ខខ័ណ្ឌអាកាសធាតុល្អ ហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់មកកណ្តាលរាជធានីល្អ មានតំបន់កំសាន្តដូចជា សួនសត្វសាហ្វារី វើលដ៏ សួនទឹកកំសាន្ត ផ្សារម៉ាក្រូ និងងាយតភ្ជាប់ទៅកាន់តំបន់មួយចំនួន ដូចជា ផ្សារទំនើបAEON Mall2 និងផ្សារមួយចំនួនទៀត៕