ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា -ចិនសម្រេចបានជាង១១ពាន់លានដុល្លារ កើនឡើង២២,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមាន៩ពាន់លានដុល្លារ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។
យោងតាមGDCE បានឲ្យដឹងថា កម្ពុជាបាននាំចេញទៅចិន សម្រេចបានជាង១,២៧៨លានដុល្លារ កើនឡើង២០,៨ ភាគរយ ខណៈការនាំចូលមានជាង៩,៨៦៨ ពាន់លានដុល្លារកើនឡើងប្រមាណ២២,៧ភាគរយ។ សម្រាប់តុល្យភាពជញ្ជីងពាណិជ្ជកម្ម នៅក្នុងរយៈពេល៩កន្លងមកនេះ គឺកម្ពុជាមានឱនភាព៨,៥៨៩ពាន់លានដុល្លារ។
-->
លោកបណ្ឌិតហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទាល់បច្ចុប្បន្នការនាំចេញរបស់កម្ពុជា ទៅប្រទេសចិនកំពុងកើនឡើងជារៀងរាល់ឆ្នាំ ស្របពេលដែលប្រទេសទាំងពីរ បានកំពុងអនុវត្តន៍ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមុខទំនិញកម្ពុជាកាន់តែច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារដ៏ធំជាងគេនៅអាស៊ីមួយនេះ។
លោកបញ្ជាក់ថា ស្របពេលដែលកម្ពុជា កំពុងពង្រីកការនាំចេញទៅកាន់ទីផ្សារចិន យើងក៏ត្រូវខិតខំពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួនឱ្យបានខ្លាំង និងកាន់តែសម្បូរបែប ដើម្បីលើកកម្ពស់ការនាំចេញឱ្យកាន់តែច្រើន។
ជាមួយគ្នានេះអ្នកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា ពាក់ព័ន្ធនឹងឱនភាពពាណិជ្ជកម្ម ដែលកម្ពុជាមានច្រើនជាមួយប្រទេសចិន ដោយសារតែប្រទេសចិនជាប្រទេស ដែលផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរនៅតាមបណ្តារោងចក្រនានា ។
លោកបញ្ជាក់ថា លើសពីនោះទៅទៀត ចិនក៏ជាប្រភពនៃអ្នកផ្គត់ផ្គង់ សំភារៈសំណង់ដ៏ធំមួយរបស់កម្ពុជាផងដែរ ស្របពេលដែលផលិតផលចំណីអាហារ និងម្ហូបមួយចំនួនក៏ត្រូវបានកម្ពុជានាំចូល ដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុកផងដែរ។
ចំណែកលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ផលិតផលកសិផលជាច្រើន ត្រូវបាននាំទៅកាន់ទីផ្សារប្រទេសចិន ដូចជា អង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយ ចេកជាដើម។ លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការនាំចេញទៅទីផ្សារបរទេសកើនឡើង ដោយសារកម្ពុជាបើកទីផ្សារថ្មី ដូចជា ប្រទេសចិនជាដើម។
ក្នុងឆ្នាំ២០២៣ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-ចិន មានទឹកប្រាក់សរុប១២,២៦ពាន់លានដុល្លារ កើន៥ភាគរយបើធៀបឆ្នាំ ២០២២ ក្នុងនោះកម្ពុជានាំទំនិញទៅប្រទេសចិន១,៤៨ ពាន់លានដុល្លារ កើន១៩,២ភាគរយ និងទំនិញចិននាំមកកម្ពុជា ១០,៧៩ពាន់លានដុល្លារ កើន៣,៣ភាគរយ។ នេះបើយោងតាម GDCE៕
