ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោក ងន សាំង អគ្គអគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនគ្រោងរៀបចំពិព័ណយានយន្តនៅគ្រប់រាជធានី ខេត្តទាំង២៥នាពេលខាងមុខ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសនោះបានចូលជួបសម្តែងការគួរសម ជាមួយលោកជំទាវចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។
-->
ក្នុងឱកាសនោះលោកជំទាវ បានជម្រាបអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ដែលជាចក្ខុវិស័យររបស់រាជរដ្ឋាភិបាល គឺជំរុញកែប្រែ និងធ្វើទំនើបកម្ម រចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ឈានទៅឧស្សាហកម្មផ្អែកលើជំនាញ និងប្រែក្លាយខ្លួនជា មជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិត គ្រឿងបង្គុំយានយន្ត សម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសាកលលោក។
លោក ងន សាំង បានជម្រាបលោកជំទាវរដ្ឋមន្ត្រី អំពីសក្តានុពលនៃវិស័យយានយន្តនៅកម្ពុជា ជាពិសេសរថយន្តថ្មី និងស្តង់ដារសុវត្ថិភាពយានយន្ត ដែលកាន់តែល្អប្រសើរ។
លោកអគ្គនាយក ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង ពាណិជ្ជកម្ម ចំពោះការយកចិត្តទុកដាក់ខ្ពស់ ដល់វិស័យឯកជន និងតែងតែផ្តល់នូវកិច្ច សហការយ៉ាងជិតស្និតក្នុងកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងនោះក្រុមហ៊ុនគ្រោងនឹងរៀបចំពិព័រណ៍យានយន្តនៅគ្រប់បណ្តាខេត្តផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ជាមួយរាជរដ្ឋាភិបាល នៅក្នុងការបង្កើតការងារនៅក្នុងស្រុក និងបណ្តុះបណ្តាលអ្នកជំនាញ បច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យា តាមរយៈគម្រោងវិនិយោគរោងចក្រ ដំឡើងរថយន្ត FORD និងគម្រោងផ្សេងៗទៀត៕
