ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានលើកឡើថា សន្ដិភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្ត វិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
លោកLin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងបែបនេះ ក្នុងឱកាសទទួលបានការអនុញ្ញាត្តឲ្យចូលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃទី២៣ តុលាកន្លងមកនេះ។
-->
ក្នុងឱកាសនៃជំនួប លោក Lin Baifeng បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ដែលការណ៍នេះ បានក្លាយបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយបានចាប់យកនូវកាលានុវត្តន៍ភាពវិនិយោគថ្មីៗបន្ថែមទៀត នៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យ ថ្នាក់តំបន់របស់ខ្លួនប្រចាំកម្ពុជា។
លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុន បានចូលរួមចំណែកជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាល ធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនHuawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើប ដែលការណ៍នេះជាការរួមចំណែក ដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាង មូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។
សម្ដេចបវរធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើមស្ដីពី ការបង្កើតមជ្ឈមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យា ក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ចាប់យកជំនាញឌីជីថល សំដៅរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា នាពេលអនាគតផងដែរ៕
