ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានលើកឡើងថា តំបន់អាស៊ានត្រូវបង្កើនការវិនិយោគ លើថាមពលស្អាត ឱ្យដល់ទំហំទឹកប្រាក់១៩០ពាន់លានដុល្លារ នៅឆ្នាំ២០៣៥ ដើម្បីសម្រេចបាននូវគោលដៅ អាកាសធាតុរបស់ខ្លួន។
ចំនួននេះមានការកើនឡើងប្រហែល៥ដង បើធៀបនឹងកម្រិតនៃការវិនិយោគ ក្នុងតំបន់នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការដកស្រង់ដោយទីភ្នាក់ងារសារពត៌មាន Reuters។
-->
ក្រៅពីបង្កើនការវិនិយោគ លើថាមពលស្អាត តំបន់អាស៊ានចាំបាច់ត្រូវតែដាក់ចេញយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន ពីរោងចក្រថាមពលដើរដោយធ្យូងថ្មក្នុងតំបន់។ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)។
ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានបន្ថែមថា កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងតំបន់ដែលមានសមាជិកចំនួន១០ប្រទេស ត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានបញ្ហាប្រឈមសម្រាប់សន្តិសុខថាមពល និងគោលដៅអាកាសធាតុ។
ទោះជាយ៉ាងណា ការជំរុញឱ្យបិទរោងចក្រថាមពលដើរដោយធ្យូងថ្មនៅក្នុងតំបន់ ដែលទទួលបានការគាំទ្រផ្នែកហិរញ្ញប្បទាន ពីបណ្តាប្រទេសលោកខាងលិច កំពុងប្រឈមមុខនឹងការពន្យារពេល ខណៈប្រទេសឥណ្ឌូនេស៊ី មិនបានបិទគម្រោងដុតធ្យូងថ្មរបស់ខ្លួន។
តម្រូវការអគ្គិសនីនៅតំបន់អាស៊ាន ត្រូវបានគេរំពឹងថា នឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ប្រភពថាមពលស្អាតដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ រួមជាមួយនឹងថាមពលជីវសាស្ត្រទំនើប និងថាមពលកំដៅក្នុងផែនដី ត្រូវបានព្យាករណ៍ថា នឹងបំពេញបានចំនួនជាងមួយភាគបី នៃកំណើនតម្រូវការថាមពល ក្នុងតំបន់នៅឆ្នាំ២០៣៥។
ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងនេះ នឹងមិនគ្រប់គ្រាន់ទេ ក្នុងការលុបបំបាត់ការបញ្ចេញឧស្ម័ន កាបូនឌីអុកស៊ីត (CO2) ចេញពីការផលិតថាមពលក្នុងតំបន់ ខណៈការបំភាយឧស្ម័នកាបូនឌីអុកស៊ីតត្រូវបានរំពឹងថា នឹងកើនឡើង៣៥% ចន្លោះពីពេលនេះ ដល់ពាក់កណ្តាលសតវត្សរ៍។
លោក Fatih Birol នាយកប្រតិបត្តិរបស់ទីភ្នាក់ងារ IEA បានលើកឡើងថា “បច្ចេកវិទ្យាថាមពលស្អាត មិនត្រូវបានអភិវឌ្ឍន៍ឱ្យបានលឿនគ្រប់គ្រាន់ទេ ហើយការបន្តពឹងផ្អែកខ្លាំងលើការនាំចូលឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យបណ្តាប្រទេសនានាប្រឈមមុខនឹងហានិភ័យនាពេលអនាគត”៕ប្រភព: Reuters៕
