តើការជួលទីតាំងលក់រាយនៅរាជធានីភ្នំពេញ ទីក្រុងហ្សាការតា និងទីក្រុងហូជីមិញមានតម្លៃខុសគ្នាបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើ​ប និងទីតាំងហាងលក់ទំនិញ នៅតាមដងផ្លូវធំៗនៅតំបន់អាស៊ាន មានតម្លៃ និងអត្រាគ្របដណ្តប់ការជួល(Occupancy rate)ខុសៗគ្នា អាស្រ័យទៅតាមបរិបទរបស់ប្រទេសនីមួយៗ។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃជួលទីតាំងលក់រាយ នៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាន គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤៖

ទី១: រាជធានីភ្នំពេញ ប្រទេសកម្ពុជា

គិតត្រឹមចុងត្រីមាសទី៣ ទំហំទីតាំងលក់រាយសរុប ក្នុងទីក្រុងភ្នំពេញ មានទំហំជិត៧៧០.០០០ម៉ែត្រការ៉េ ខណៈដែលអត្រាគ្របដណ្តប់ការប្រើប្រាស់ ជាមធ្យមសម្រាប់ត្រីមាសទី៣ មានចំនួន៥៨,៣% ដែលមានការធ្លាក់ចុះបន្តិច បើធៀបនឹងអត្រាចំនួន៥៨,៧%នៅត្រីមាសទី២។

ជាមួយគ្នានេះ តម្លៃជួលទីតាំងលក់រាយជាមធ្យម(Prime rent) នៅរាជធានីភ្នំពេញ បានស្ថិតនៅទ្រឹងត្រឹម២២,១ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី៣។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ ​​CBRE Cambodia ។

ទី២: ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

គម្រោងផ្សារទំនើបថ្មីៗ នៅទីក្រុងហ្សាការតាមិនទាន់បញ្ចប់ការសាងសង់នៅឡើយទេ។ ការណ៍នេះបានរក្សាការផ្គត់ផ្គង់ឱ្យនៅថេរ ត្រឹមចំនួន៤,៨៦លានម៉ែត្រការ៉េ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។

អត្រាគ្របដណ្តប់ការប្រើប្រាស់ ទីតាំងលក់រាយលំដាប់ប្រណីត(Premium) នៅទីក្រុងហ្សាការតា បានកើនឡើង០,៧ភាគរយដល់៨៦,៩ភាគរយ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ធៀបនឹងឆ្នាំមុន។ ចំណែកអត្រាគ្របដណ្តប់ការប្រើប្រាស់ ទីតាំងលក់រាយលំដាប់មធ្យម(Middle) បានធ្លាក់ចុះ០,០៥ភាគរយមកនៅត្រឹម៦៩,៤ភាគរយធៀបនឹងឆ្នាំមុន។

រីឯ តម្លៃជួលទីតាំងលក់រាយលំដាប់ប្រណីត ប្រចាំខែបានស្ថិតនៅទ្រឹងត្រឹម១,១៣លានរូពៀ (ប្រហែល៧២,៥៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃជួលទីតាំងលក់រាយលំដាប់មធ្យម បានស្ថិតនៅទ្រឹងត្រឹម៣៨២.២៤២រូពៀ (ប្រហែល២៤,៤៧ដុល្លារ)ក្នុងមួយម៉ែត្រការ៉េធៀបនឹងឆ្នាំមុន។

ទី៣: ទីក្រុងហូជីមិញ ប្រទេសវៀតណាម

នៅក្នុងត្រីមាសទី៣ ឆ្នាំនេះ តម្លៃជួលទីតាំងលក់រាយប្រចាំខែនៅទីក្រុងហូជីមិញ បន្តមានស្ថិរភាពចាប់ពី៤៥ដុល្លារដល់៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ខណៈការជួលទីតាំងលក់រាយ នៅខាងក្រៅតំបន់ CBD មានតម្លៃចាប់ពី២០ដុល្លារ ទៅ១១៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ។

អត្រាគ្របដណ្តប់ការប្រើប្រាស់ ទីតាំងលក់រាយនៅតំបន់ CBD បន្តមានស្ថិរភាពនៅត្រឹម៩៦ភាគរយ ខណៈអត្រាគ្របដណ្តប់ ការប្រើប្រាស់ទីតាំងលក់រាយ នៅខាងក្រៅតំបន់ CBD បានកើនឡើង៥%ដល់៨១%។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Avison Young។

ការកើនឡើងនេះ ត្រូវបានជំរុញដោយការបើកដំណើរការផ្សារទំនើប Parc Mall ដែលសម្រេចបានអត្រាគ្របដណ្តប់ការប្រើប្រាស់ចំនួន១០០ភាគរយ៕ ប្រភព: Colliers &Avison Young & CBRE៕

LEAVE A REPLY

Please enter your comment!
Please enter your name here