ដោយ រ៉ាណេត
ភ្នំពេញ៖ រដ្ឋាភិបាលបានសម្រេចចំណាយថវិកាចំនួន១,៦លានដុល្លារអាមេរិក ដើម្បីសាងសង់ខឿនការពារច្រាំងទន្លេ ដែលរអិលស្រុតច្រាំងទន្លេ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីការពារ និងចៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដូចជា សួនច្បារ ផ្លូវថ្នល់ និងអគារ តាមសំណើររបស់រដ្ឋបាលខេត្ត។

-->
នៅក្នុងរដូវទឹកតម្លើងកាលពីឆ្នាំ២០១៨កន្លងទៅ ក្រុងកំពង់ចាម ដែលស្ថិតនៅជាប់នឹងច្រាំងដងទន្លេមេគង្គ ត្រូវបានវាយប្រហារដោយគ្រោះទឹកជំនន់ រហូតដល់កម្ពស់ទឹកប្រមាណ១៥ ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្នបណ្តាលឱ្យស្រុត និងបាក់ច្រាំងការពារប្រវែង១៦០ម៉ែត្រ។

ដោយឡែកនៅឆ្នាំ២០១៩នេះ ដើម្បីបញ្ជៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានចំណាយថវិកាចំនួន ១,៦លានដុល្លារ ដើម្បីកសាងនិងកែលម្អនូវប្រព័ន្ធហេដ្ឋារចនាឱ្យមានភាពល្អប្រសើរឡើងវិញ។

ជាមួយនេះរដ្ឋបាលខេត្តកំពង់ចាម ក៏បាននិងកំពុងរៀបចំគម្រោងកែលំអរសួនច្បារនៅតាមមាត់ទន្លេ ក្នុងក្រុងកំពង់ចាមផងដែរ៕