ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មហុងកុង តំណាងដោយ លោក Dewan Saiful Alam ប្រធានគណៈកម្មការទទួលបន្ទុកកិច្ចការអាស៊ី, អាហ្វ្រិក និងមជ្ឈិមបូព៌ា ដែលមានបំណងឈ្វេងយល់អំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខាធិការរង បានធ្វើការពិពណ៌នាជូនសមភាគីអំពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចជាតិដែលបាន និងកំពុងរីកលូតលាស់ប្រកបដោយភាពធន់ តាមរយៈកំណើនសេដ្ឋកិច្ចជាលំដាប់ អត្រាអតិផរណាដែលអាចគ្រប់គ្រងបាន កំណើននៃរំហូរវិនិយោគ អត្រាប្តូរប្រាក់ដែលមានស្ថិរភាព, និងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់តួអង្គពាក់ព័ន្ធ ក្នុងការចូលរួមធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច។
-->
ជាមួយគ្នានេះ លោកក៏បានជម្រាបជូនភាគីមិត្តអំពីបច្ចុប្បន្នភាពថ្មី នៃបរិយាកាសវិនិយោគ ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់សំដៅបង្កភាពងាយស្រួលសម្រាប់វិនិយោគិន ក្នុងការបណ្តាក់ទុនវិនិយោគ ប្រកបដោយទំនុកចិត្ត និងភាពកក់ក្តៅ។
ជាមួយគ្នានេះ លោក Dewan បានថ្លែងអំណរគុណជូនចំពោះក្រុមការងារ ដែលបានចំណាយពេលវេលា ក្នុងការទទួលជួបពិភាក្សាការងារ និងពន្យល់យ៉ាងក្បោះក្បាយអំពីបរិយាកាស, សក្តានុពល និងកាលានុវត្តភាពវិនិយោគជូនគណៈប្រតិភូនាឱកាសដ៏ប្រពៃនេះ។
ស្របគ្នានេះ លោកក៏បានសម្តែងនូវការកត់សម្គាល់ ចំពោះការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អបរិស្ថានធុរកិច្ច សំដៅផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត និងការថែទាំជូនវិនិយោគិន។
លោកបានបង្ហាញនូវការស្វាគមន៍ យ៉ាងជ្រាលជ្រៅចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតល្មួត រវាងសហគមន៍ធុរកិច្ចហុងកុង សំដៅទាក់ទាញវិនិយោគិនបន្ថែមទៀត ឱ្យមកចាប់យកឱកាសវិនិយោគនៅកម្ពុជា ហើយដែលសភាពាណិជ្ជកម្មហុងកុង មានក្តីសោមនស្សរីករាយ ក្នុងការគាំទ្រនិងផ្សព្វផ្សាយ ដល់សមាជិករបស់ខ្លួន៕
