ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ កាលពីដើមសប្តាហ៍នេះ បានជម្រុញឲ្យភាគីចិន ជួយបង្កើនការនាំចូលផលិតផលកសិកម្ម ជាច្រើនមុខពីកម្ពុជា ដើម្បីឲ្យមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម។
លោកបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូមកពី សភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។
ប្រតិភូចិនត្រូវបានដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្ម ឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃប្រទេសចិន។
ក្នុងឱកាសនោះ គណៈប្រតិភូចិនបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរ សំដៅស្វែងយល់ អំពីគោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ដើម្បីចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងកម្ពុជា-ចិន (ខេត្តក្វាងស៊ី)។
លោករដ្ឋលេខាធិការ បានលើកឡើងពីការលើកទឹកចិត្តទាំងឡាយ ដែលមានចែងក្នុងច្បាប់វិនិយោគថ្មី របស់កម្ពុជា ភាពអនុគ្រោះផ្នែកពន្ធដារ ការប្រើប្រាស់ដីធ្លី វិស័យអាទិភាពសម្រាប់វិនិយោគ និងទំនិញសក្ដានុពលនៅកម្ពុជា។ល។
បន្ថែមពីនេះ លោកបានស្នើឱ្យភាគីចិនជួយនាំ ទំនិញពីកម្ពុជា ជាពិសេសកសិផល មានដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកស៊ាង ថៃបានស្នើឱ្យភាគីចិន ពិចារណារៀបចំ សមាសភាពប្រតិភូតាមវិស័យ មកជួបពិភាក្សាផ្ទាល់ជាមួយដៃគូនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយ ដែលនោះជាឱកាសដ៏ល្អ សម្រាប់ភាគីទាំងពីរអាចពិភាក្សា និងចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែង ជាមួយគ្នាបាន ផងដែរ៕