ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍នៃក្រុមហ៊ុន Mitsui & Co., Ltdបានបង្ហាញពីចំណាប់អារម្មណ៍ វិនិយោគលើវិស័យព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា។
ក្រុមហ៊ុន Mitui & Co., Ltd ជាក្រុមហ៊ុនជប៉ុនមានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើន ដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍។ ក្រុមហ៊ុន Mitui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ។
-->
លោក KOHIYAMA Isao បានថ្លែងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ជា វុទ្ឋីអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីព្រឹកថ្ងៃទី១ វិច្ឆិកា។
លោកជា វុទ្ឋី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សា ដោយផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ ពីកាលានុវត្តភាពវិនិយោគ និងសក្តានុពលវិនិយោគរបស់កម្ពុជា។
លោកជា វុទ្ឋីបានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់ នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗ ដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត ការផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក និងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹម…។ល។
លោក KOHIYAMA Isao ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដមអគ្គលេខាធិការ និងសហការី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបគណៈប្រតិភូ ដោយបានផ្តល់នូវព័ត៌មានពាក់ព័ន្ធ នឹងបរិយាកាសវិនិយោគនៅកម្ពុជា។
លោក KOHIYAMA Isao បានធ្វើបទឧទ្ទេសនាមខ្លីអំពីសកម្មភាពធុរកិច្ចរបស់ក្រុមហ៊ុន និងបានចែករំលែកអំពីនិន្នាការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងទូរគមនាគមន៍ និងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យនេះនៅកម្ពុជា។
លោកជា វុទ្ឋី បានសម្តែងនូវក្តីសោនស្សរីករាយ ដោយបានជំរុញលើកទឹកចិត្ត ឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយ ពីបរិស្ថានវិនិយោគរបស់កម្ពុជាជូនទៅវិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទទៀត៕
