ដោយ: គង់ លាងហួរ
អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា ហានិភ័យ ចំពោះសេដ្ឋកិច្ចរបស់តំបន់អាស៊ី បានកើនឡើង ដោយសារការកើនឡើង នៃភាពតានតឹងផ្នែកពាណិជ្ជកម្ម ការដាំក្បាលចុះ នៃវិស័យអចលនទ្រព្យរបស់ប្រទេសចិន និងលទ្ធភាពដែលអាចផ្ទុះឡើង នូវភាពចលាចលនៅក្នុងទីផ្សារ។
មូលនិធិ IMF អះអាងថា “ការធ្លាក់ចុះជាបន្តបន្ទាប់នៃតម្លៃទំនិញ នៅក្នុងប្រទេសចិន អាចបង្កភាពតានតឹងពាណិជ្ជកម្ម និងធ្វើឱ្យប៉ះពាល់ ដល់ប្រទេសជិតខាងផ្សេងទៀត ដែលមានរចនាសម្ព័ន្ធ នៃការនាំចេញស្រដៀងគ្នានឹងចិន”។
ការណ៍នេះជំរុញឱ្យទីក្រុងប៉េកាំង ចាត់វិធានការដើម្បីស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ តាមរយៈការជំរុញតម្រូវការក្នុងស្រុក។
IMF បានបញ្ជាក់នៅក្នុងរបាយការណ៍ ទស្សនវិស័យសេដ្ឋកិច្ចប្រចាំតំបន់អាស៊ីថា “ការធ្លាក់ចុះក្នុងរយៈពេលវែងជាង និងធំជាងការរំពឹងទុក នៅក្នុងប្រទេសចិន នឹងមានគ្រោះថ្នាក់សម្រាប់ទាំងតំបន់ និងសេដ្ឋកិច្ចពិភពលោក”។
IMF លើកឡើងថា “ការឆ្លើយតបរបស់ប្រទេសចិនតាមរយៈការដាក់ចេញ គោលនយោបាយនានា មានសារៈសំខាន់នៅក្នុងបរិបទនេះ ដោយIMF អំពាវនាវឱ្យមានការបោះជំហានដើម្បីជួយដល់វិស័យអចលនទ្រព្យ និងពង្រឹងការប្រើប្រាស់ក្នុងវិស័យឯកជន”។
នៅក្នុងរបាយការណ៍ព្យាករណ៍ ចុងក្រោយបំផុតរបស់ខ្លួន មូលនិធិ IMF រំពឹងថា សេដ្ឋកិច្ចរបស់តំបន់អាស៊ី នឹងកើនឡើងក្នុងរង្វង់៤,៦ភាគរយនៅឆ្នាំនេះ និង៤,៤ភាគរយនៅឆ្នាំ២០២៥។ចំណែក ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ នៅទូទាំងពិភពលោក នឹងជួយជំរុញតម្រូវការប្រើប្រាស់ឯកជន នៅឆ្នាំក្រោយ។
ម្យ៉ាងទៀត ភាពចលាចលនៃទីផ្សារនាពេលថ្មីៗនេះ ក៏អាចបង្ហាញពីភាពប្រែប្រួល នាពេលអនាគតផងដែរ ដោយសារតែការទម្លាក់អត្រាការប្រាក់ ក្នុងទ្រង់ទ្រាយដ៏ធំរបស់ធនាគារកណ្តាលអាមេរិក និងការដំឡើងអត្រាការប្រាក់បន្តិចម្តងៗដោយធនាគារកណ្តាលជប៉ុន៕ប្រភព:Reuters៕