ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាជំរុញ និងទាក់ទាញវិនិយោគ ដែលសហការរៀបចំដោយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ប្រចាំកម្ពុជា និងថៃ និងគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្ម AEM-METI (AMEICC)។
សិក្ខាសាលាផ្សព្វផ្សាយនេះ ធ្វើឡើងដើម្បីសម្លឹងមើលឱកាសទាក់ទាញវិនិយោគិន តាមរយៈយន្តការប្រទេសបូក (Thailand +1)។ កម្មវិធីនេះក៏មានការចូលរួម ពីសមាគមធុរកិច្ចជប៉ុនប្រចាំកម្ពុជា (JBAC), សភាពាណិជ្ជកម្មជប៉ុន បាងកក (JCC), ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ ពីក្រសួង ស្ថាប័នរបស់កម្ពុជា វិស័យឯកជន ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័វីឌីអូពីចម្ងាយ (Zoom) ចំនួនប្រមាណ២០០នាក់។
-->
សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ គោលនយោបាយរបស់កម្ពុជា លើកិច្ចការងារវិនិយោគ ពិសេសការចូលរួមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងកិច្ចការងារទាក់ទាញ សម្របសម្រួល និងថែទាំវិនិយោគ សំដៅជំរុញកម្ពុជា ចូលរួមឱ្យបានកាន់តែប្រសើរ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។
តាមរយៈច្បាប់ស្ដីពីវិនិយោគ កម្ពុជាបានបើកចំហរ និងផ្ដល់ការលើកទឹកចិត្ត ជាច្រើនជូនវិនិយោគិន លើវិស័យជាអាទិភាពនានា។ ក្នុងឱកាសនៃសិក្ខាសាលានេះ កម្ពុជាបានបង្ហាញនូវជម្រើសជាវិជ្ជមាន ដែលវិនិយោគិន ពិសេសវិនិយោគិនជប៉ុន គួរសម្រេចចិត្តពង្រីកផលិតកម្មរបស់ខ្លួន តាមរយៈយន្តការប្រទេសបូក ដោយទាញយកសក្ដានុពល ដែលកម្ពុជាអាចផ្ដល់ជូនក្នុងខ្សែច្រវ៉ាក់ផលិតកម្មនោះ។
មានប្រសាសន៍ក្នុងសិក្ខាសាលានេះ លោកឧបនាយករដ្ឋមន្រ្តីបានជម្រាបជូន អំពីភាពអំណោយផលនៃស្ថិរភាពនយោបាយ, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, មានរដ្ឋាភិបាលដែលគាំទ្រធុរកិច្ច, មានទីផ្សារសេរី និងមានភាពទូលំទូលាយ តាមរយៈយន្តការកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ពហុភាគី បូករួមទាំងការចូលប្រើប្រាស់កូតា ដោយឥតគិតថ្លៃទៅកាន់ទីផ្សារសំខាន់ៗជាច្រើន ដែលកម្ពុជាទទួលបាន កម្លាំងពលកម្មវ័យក្មេង ដែលប្រកបទៅដោយជំនាញ ភាពស្វាហាប់ និងអាចបណ្តុះបណ្តាលបាន ពិសេសកម្ពុជាបាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធពាសពេញផ្ទៃប្រទស ដែលគាំទ្រដល់ធុរកិច្ចផងដែរ។
លោកបន្តថា តាមរយៈសក្ដានុពលទាំងនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ ក្នុងការសម្របសម្រួលការវិនិយោគ របស់គ្រប់បណ្ដាវិនិយោគិន ដែលជ្រើសរើសការបណ្ដាក់ទុននៅកម្ពុជា៕
