អ្នកជំនាញ: ការធ្វើធុរកិច្ចរបស់ក្រុមវិនិយោគិនម៉ាឡេស៊ីនៅកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) បានអះអាងថា ការធ្វើធុរកិច្ចរបស់ក្រុមអ្នកវិនិយោគម៉ាឡេស៊ីនៅកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យដូចជាវិស័យសំណង់ ការអប់រំ និងការថែទាំសុខភាព។ការណ៍នេះបានសរបង្ហាញឱ្យឃើញពីសក្តានុពលរបស់កម្ពុជា។

សមាគម MCBA បានគូសបញ្ជាក់ថា ការបណ្តាក់ទុនរបស់វិនិយោគិនម៉ាឡេសុីដូចជា ក្រុមហ៊ុនចែកចាយថ្នាំលាបពណ៌ផ្ទះ និងក្រុមហ៊ុនក្នុងវិស័យអប់រំ កំពុងចូលរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើនរបស់កម្ពុជា។

សមាគមនេះបានដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងធុរកិច្ចរវាងម៉ាឡេស៊ី និងកម្ពុជា តាមរយៈការសម្របសម្រួលឱកាសនៃការវិនិយោគ ផ្តល់ព័ត៌មានអំពីទីផ្សារ និងរៀបចំបេសកកម្មពាណិជ្ជកម្ម។

យោងតាមទិន្នន័យបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ជាដៃគូពាណិជ្ជកម្មធំជាងគេទី៩របស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈទំហំពាណិជ្ជកម្មទ្វេរភាគីសម្រេចបានទឹកប្រាក់ចំនួន៣,០២ពាន់លានរីងហ្គីត។

ក្រុមហ៊ុនម៉ាឡេស៊ីបានផ្តួចផ្តើមគម្រោងវិនិយោគចំនួន១៦២នៅកម្ពុជា ក្រោមទុនវិនិយោគសរុបចំនួន១៤,៤ពាន់លានរីងហ្គីត។ ការណ៍នេះសរបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ។

លោក Datuk Seri Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA)បានលើកឡើងថា “កម្ពុជាផ្តល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់ក្រុមហ៊ុនម៉ាឡេស៊ី ដែលស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ាន”។

លោកបន្តថា“ប្រទេសកម្ពុជាមានបរិយាកាសគាំទ្រអាជីវកម្ម កម្លាំងពលកម្មវ័យក្មេង និងមានភាពសកម្ម និងមានទីតាំងយុទ្ធសាស្ត្រនៅជិតទីផ្សារធំៗដូចជាប្រទេសថៃ និងវៀតណាម”។

លើសពីនេះ ការបើកចំហសេដ្ឋកិច្ចរបស់កម្ពុជា និងកំណើនផលទុនជាតិសរុបដែលសម្រេចបានក្នុងរង្វង់ពី៥%ទៅ៦%ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានបង្ហាញពីឱកាស និងសក្តានុពលសម្រាប់ការបណ្តាក់ទុនវិនិយោគនៅកម្ពុជារាប់ចាប់ពីក្នុងវិស័យផលិតកម្ម រហូតដល់វិស័យកសិកម្ម។

លោក Yaw បានមានប្រសាសន៍ឱ្យដឹងទៀតថា “សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា មានការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងកម្ពុជា”។

បច្ចុប្បន្ន សមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជាមានសមាជិកសកម្មជាង១០០រូប ដែលប្រកបអាជីវកម្មនៅក្នុងឧស្សាហកម្មផ្សេងៗដូចជា ការអប់រំ សេវាវេជ្ជសាស្រ្ត ការថែទាំសុខភាព ហិរញ្ញវត្ថុ អចលនទ្រព្យ សំណង់ ផលិតកម្ម កសិកម្ម បច្ចេកវិទ្យា និងសេវាកម្មក្នុងប្រទេសកម្ពុជា៕ប្រភព: The Star៕

LEAVE A REPLY

Please enter your comment!
Please enter your name here