ដោយ: គង់ លាងហួរ
ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានអះអាងឱ្យដឹង នៅថ្ងៃអង្គារនេះថា រោងចក្រឧស្សាហកម្ម ប្រមាណ១.២៧៣ទីតាំង ឬស្មើនឹងចំណែក៥៤,៧ភាគរយ នៃរោងចក្រឧស្សាហកម្មសរុបទាំងអស់នៅកម្ពុជា ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន។
ក្រសួងបានបញ្ជាក់ឱ្យដឹង ក្នុងសេចក្តីប្រកាសព័ត៌មានថា “គិតត្រឹមខែតុលា ឆ្នាំ២០២៤ កម្ពុជាមានរោងចក្រឧស្សាហកម្មចំនួន២.៣២៦ទីតាំង ដែលក្នុងនោះរោងចក្រចំនួន១.២៧៣ទីតាំង បានទទួលការវិនិយោគពីប្រទេសចិន ក្រោមទំហំទឹកប្រាក់ចំនួន៩,០៨ពាន់លានដុល្លារអាមេរិក ឬស្មើនឹងចំនួន៤៥.៤៩ ភាគរយនៃទុនវិនិយោគសរុបរបស់កម្ពុជា” ។
-->
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា កម្ពុជា និងចិនមានទំនាក់ទំនងមិត្តភាពយូរអង្វែង ហើយកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ជាសសរស្តម្ភដ៏សំខាន់មួយ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ។
លោកបព្ជាក់ថា “ប្រទេសចិនជាប្រភពអ្នកវិនិយោគបរទេសកំពូលរបស់កម្ពុជា ក្នុងវិស័យផលិតកម្ម ហើយផលិតកម្មជាវិស័យ ដែលនឹងបន្តដឹកនាំជំរុញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានាពេលអនាគត”។ លោកបន្តថា “ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈ ជាប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ កម្ពុជាទន្ទឹងរង់ចាំការពង្រឹង កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ជាពិសេសក្នុងវិស័យផលិតវត្ថុធាតុដើម នៅក្នុងស្រុក ដើម្បីបំពេញតាមតម្រូវការទីផ្សារ”។
លោកនាក់ ចិន្តារិទ្ធិ នាយកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សទី២១ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា សហគ្រាសដែលត្រូវបានផ្តល់មូលនិធិ ដោយក្រុមហ៊ុនចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។
លោកបានថ្លែងប្រាប់ទីភ្នាក់ងារសារពត៌មាន Xinhua ថា គម្រោងវិនិយោគរបស់ចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដូចជាតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទំនប់វារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ផ្លូវថ្នល់ និងស្ពាន ក្នុងចំណោមគម្រោងផ្សេងទៀតបាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សេដ្ឋកិច្ចរបស់កម្ពុជា៕ប្រភព: Xinhua៕

