សមាគមត្រកូលលីនពិភពលោកប្រារពមហាសន្និបាតនៅកម្ពុជាដោយបានបង្ហាញពីឱកាសវិនិយោគ និងបញ្ហាប្រឈម

0

ដោយៈ និស្ស័យ

       ភ្នំពេញៈ  លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើក “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក”។

ពិធីនេះមានការអញ្ជើញចូលរួម អ្នកឧកញ៉ា តាន់ស្រ៊ី លីម ស៊ុនផេង ប្រធានស្ថាបនិកសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោក លីម ស៊ីងហ្វាត សហប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្ម “ត្រកូលលីន”នៅកម្ពុជា និងឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងបណ្តាពាណិជ្ជករត្រកូលលីនទាំងអស់ទូទាំងពិភពលោក។

មហាសន្និបាតដ៏មានសារៈសំខាន់នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យមានការជួបជុំគ្នា រវាងពាណិជ្ជករត្រកូលលីន និងមិនមែនត្រកូលលីននៅកម្ពុជា និងមកពីបណ្តាប្រទេសនានានៅលើពិភពលោក ដើម្បីបង្ហាញពីសក្តានុពល និងឱកាសវិនិយោគថ្មីៗក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ និងដើម្បីរួមគ្នាពិភាក្សាអំពីចំណុចខ្លាំង កាលានុវត្តភាព បញ្ហាប្រឈម ទស្សនវិស័យ និងការដាក់ចេញនូវអនុសាសន៍នានា ដើម្បីជំរុញកំណើនវិនិយោគិន និងភ្ញៀវទេស​ចរណ៍មកកាន់ប្រទេសកម្ពុជា ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងមហាសន្និបាត លោករដ្ឋមន្រ្តីហួត ហាក់បានគូសបញ្ជាក់ថា តាមរយៈការរៀបចំ “មហាសន្និបាតពាណិជ្ជកម្មត្រកូលលីនពិភពលោក” ពាណិជ្ជករដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ នូវវប្បធម៌ ប្រពៃណី ឱកាសនៃការវិនិយោគ ដើម្បីជំរុញការផលិតក្នុងស្រុក សក្តានុពលទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសជួយផ្សព្វផ្សាយ អំពីសភាពការណ៍ពិតនៅកម្ពុជា កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ តាមគ្រប់រូបភាព បណ្តាញសង្គម ជូនដល់បងប្អូនសហគមន៍ចិន នៅប្រទេសនានានៅលើពិភពលោក។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេស​ចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here