ដោយៈ គង់ សូរិយា
ភ្នំពេញៈ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាកំពុងមានផែនការអភិវឌ្ឍ គម្រោងដឹកជញ្ជូនផ្លូវដែកចំនួន៨ ដោយគ្រោងនឹងចំណាយថវិកា រហូតដល់ជាង១០ពាន់លានដុល្លារអាមេរិក។
អ្នកជំនាញ និងអ្នកសេដ្ឋកិច្ច លើកឡើងថា ការដឹកជញ្ជូនតាមផ្លូវដែកនឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
-->
យោងតាមរបាយការណ៍វឌ្ឍនភាព ឆមាសទី ១ ឆ្នាំ ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបទទួលបានកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា បានបង្ហាញថា គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ផ្លូវដែកនៅកម្ពុជាមានចំនួន២ខ្សែ ដែលមានប្រវែងសរុប៦៥២គីឡូម៉ែត្រ ដោយខ្សែទីមួយ ស្ថិតនៅភាគឧត្តរ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត និងខ្សែទីពីរ ស្ថិតនៅភាគទក្សិណ មានប្រវែងសរុប២៦៦គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។
ក្រសួងបានឱ្យដឹងថា “ការអភិវឌ្ឍផ្លូវដែក គឺផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្ន ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី”។
បច្ចុប្បន្នរដ្ឋាភិបាល មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកសរុបចំនួន៨គម្រោង ដោយគ្រោងនឹងចំណាយថវិកាសរុបជាង១០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងរយៈពេលខ្លី និងមធ្យមមានចំនួន៤គម្រោង(២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣៨០០ លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែងចំនួន៤ គម្រោង(២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់៦២១០លានដុល្លារអាមេរិក។
របាយការណ៍បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ផ្លូវដែក តាមរយៈផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣ -២០៣៣ ដើម្បីធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធិភាព ទាន់ពេលវេលា និងចំណាយថ្លៃដើមទាប។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងផ្លូវដែកភាគច្រើន ស្ថិតក្នុងដំណាក់កាលសិក្សា ដោយក្នុងនោះ គម្រោងលើកកម្រិតសមត្ថភាពផ្លូវដែក តភ្ជាប់ពីភ្នំពេញ-ប៉ោយប៉ែត កំពុងស្ថិតនៅក្នុងការសិក្សា ដោយនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុន CRBC និង ក្រុមហ៊ុនRoyal Railway។
ដោយឡែកគម្រោងកសាងផ្លូវដែកថ្មីតភ្ជាប់៖ (១) ភ្នំពេញ-អាកាសយានដ្ឋានអន្តរជាតិតេជោ (ក្រុងតាខ្មៅ ខេត្តកណ្តាល) និងសៀមរាប -អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ស្រុកសូទ្រនិគម ខេត្តសៀមរាប) ក៏កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ដោយសហការជាមួយ China Metro។
ក្រសួងបានអះអាងថា “ផែនការដឹកជញ្ជូនតាមផ្លូវដែក ត្រូវបានរៀបចំឡើង ដោយផ្អែកលើការវិភាគស្ថានភាព នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ផ្សារភ្ជាប់នឹងវិស័យសេដ្ឋកិច្ច សង្គម និងការដឹកជញ្ជូន ព្រមទាំងបទពិសោធន៍ និងការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់”។
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លោក ជា ចាន់ដារ៉ា បានមានប្រសាសន៍ឲ្យដឹងថា ការលើកកម្ពស់គុណភាព និងពង្រីកផ្លូវដែកបន្ថែម គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះការដឹកជញ្ជូនតាមផ្លូវដែក នឹងផ្តល់ផលចំណេញច្រើនដល់សេដ្ឋកិច្ច ដោយសារអាចដឹកមនុស្ស និងទំនិញបានច្រើន មានតម្លៃទាប ហើយក៏ជួយកាត់បន្ថយការកកស្ទះនៅតាមផ្លូវផ្នល់ ព្រមទាំងជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល ទៅលើការជួសជុលផ្លូវថ្នល់បានមួយកម្រិត។
លោកបញ្ជាក់ថា “ការអភិវឌ្ឍផ្លូវដែក នឹងចូលរួមចំណែកយ៉ាងច្រើន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ព្រោះវាអាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង លើទីផ្សារអន្តរជាតិ”។ លោកបន្ថែមថា “តម្លៃដឹកជញ្ជូនទាប តម្លៃទំនិញដាក់លក់លើទីផ្សារក៏ចុះទាបដែរ”។
អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានលើកឡើងផងដែរថា ក្នុងវដ្តនៃសេដ្ឋកិច្ច ការដឹកជញ្ជូនគឺជាចំណែកសំខាន់មួយ ដែលអាចធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់ប្រែប្រួលទាំងបរិមាណ និងតម្លៃ។ ការពង្រឹង និងពង្រីកមធ្យោបាយដឹកជញ្ជូន ទោះបីផ្លូដែក ផ្លូវគោក(ផ្លូវថ្នល់) ផ្លូវទឹក និងផ្លូវអាកាស គឺសុទ្ធតែផ្តល់ផលវិជ្ជមាន សម្រាប់សេដ្ឋកិច្ចជាតិ។
លោកបន្ថែមថា “ផ្លូវដែកគឺជាមធ្យោបាយដឹកជញ្ជូនពេញនិយមមួយ នៅលើពិភពលោក ព្រោះការដឹកជញ្ជូនតាមផ្លូវដែក អាចនិយាយថាមានតម្លៃទាប បានបរិមាណច្រើន និងមិនសូវមានការកកស្ទះច្រើនដូចផ្លូវថ្នល់ឡើយ”។
យោងតាមតារាងស្ថិតិជញ្ជីងពាណិជ្ជកម្ម ទំនិញអន្តរជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានបង្ហាញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤ ការនាំចេញ-ចូលទំនិញរវាងកម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្មទាំងអស់ សម្រេចបានទឹកប្រាក់សរុប៤៥,0៦ពាន់លានដុល្លារ កើនឡើង១៦,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមានចំនួន៣៨,៦៧ពាន់លានដុល្លារ។
ចំណែកទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា រយៈពេល ៣ ត្រីមាសដំបូង ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរបរទេសចំនួន៤,៨លាននាក់ កើនឡើង២២,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
