ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋងាយស្រួល កំណើនប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកនគរូបនីយកម្ម បាននិងកំពុងធ្វើឲ្យផ្លូវសំខាន់ៗមួយចំនួន នៅតំបន់ជាយក្រុងនៅតែទាក់ទាញការវិនិយោគ បង្កើតសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន។
ជាក់ស្តែងនៅឆ្នាំ២០២៤នេះ តំបន់ឧស្សាហកម្មខ្នាតមធ្យមចំនួន៣ បាននិងកំពុងបង្ហាញវត្តមាននៅផ្លូវលេខ៤៤ ជាផ្លូវតភ្ជាប់សំខាន់រវាងផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ជាដើម។
-->
លើសពីនេះតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ទោះបីមានសភាពស្ងប់ស្ងាត់បន្តិច នៅក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ក៏តំបន់នេះនៅតែមានការទាក់ទាញការវិនិយោគពីអ្នកនៅក្នុងវិស័យឧស្សាហកម្ម ដោយពួកគេបានសាងសង់រោងចក្រ សហគ្រាស និងឃ្លាំងបណ្តើរផងដែរ។
លោកស្រីតាំង ហួរអគ្គនាយិកកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ឱកាសឡើងថ្លៃដីនៅជាយក្រុង មិនទាន់ដល់ពេលនៅឡើយទេ ប៉ុន្តែមានសកម្មភាពទិញ លក់ខ្លះៗ សម្រាប់ដីមានទីតាំងល្អ និងតម្លៃទាបជាងទីផ្សារ។
លោកស្រីបន្តបន្តថា “ទីផ្សារដីធ្លីនៅតែមានបណ្តើរៗ ប៉ុន្តែចរន្តទិញលក់ មិនកើនឡើងពុះកញ្រ្ជោល ដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ”។
ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង និងKS Residentបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយបានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យ នឹងមានភាពប្រសើរឡើងវិញ នៅពេលខាងមុខ បន្ទាប់ពីរដ្ឋាភិបាលចិនបាន និងកំពុងទម្លាក់កញ្ចប់ថវិកាដ៏ធំរហូតដល់ចំនួន១០ទ្រីលានដុល្លារ ដើម្បីសង្រ្គោះវិបត្តិអចលនទ្រព្យរបស់ប្រទេសពួកគេ។
លោកឧកញ៉ាបានបន្តថា “ការរីកចម្រើនវិស័យអចលនទ្រព្យចិនឡើងវិញ នឹងជះផលវិជ្ជមានដល់កម្ពុជា”៕
