ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល មិនត្រឹមតែធ្វើឲ្យសេដ្ឋកិច្ច មានសន្ទុះប្រសើរឡើងនោះទេ តែវាក៏ជួយដល់ទីផ្សារអចលនទ្រព្យទាំងផ្ទាល់ និងប្រយោលផងដែរ។
ប៉ុន្តែការសិក្សារយៈពេលវែង និងភាពយឺតយ៉ាវនៃការចាប់ផ្តើមគំរោងណាមួយ បានធ្វើឲ្យអ្នកអភិវឌ្ឍ និងអ្នកទិញដីវិនិយោគជួបការខកចិត្តជាច្រើន ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
-->
មេរៀនដ៏ជូរចត់នេះ កើតមានសម្រាប់អ្នកទិញដីនៅជាយក្រុង ពិសេសតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលបានសិក្សាដោយក្រុមហ៊ុនចិនរួចហើយ ខណៈផ្លូវក្រវ៉ាត់ក្រុងទី៣ ភាគខាងកើតមិនទាន់លេចរូបរាងនៅឡើយទេ។
តើអ្នកវិនិយោគគួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យនៅក្នុងវិស័យនេះ? និងមិនធ្វើឲ្យជាប់គាំងអចនទ្រព្យរយៈពេលវែង។
សិក្សាពីផែនការអភិវឌ្ឍន៍ឲ្យច្បាស់លាស់ជាមុន
មុនសម្រេចចិត្តវិនិយោគដីធ្លីនៅតំបន់ ស្ថិតក្នុងផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល អ្នកវិនិយោគគួរសិក្សាលើទិដ្ឋភាពមួយចំនួនដូចជា ទី១ តើរដ្ឋាភិបាល បានទទួលកញ្ចប់ហិរញ្ញប្បទានពីប្រទេសណាមួយហើយឬនៅ? ទី២ តើគំរោងណាមួយនោះ ជាគំរោងអាទិភាពឬទេ? ទី៣ សិក្សាពីលទ្ឋភាព ឬលំហូរសាច់ប្រាក់របស់អ្នកថា តើអាចទុករយៈពេលវែងបានដែរឬទេ?។
តើវាជាព័ត៌មានបំប៉ោងឬទេ?
បើនិយាយឲ្យចំ គឺគំរោងអ្វីមួយតែងត្រូវបានដឹង និងលើកឡើងដោយក្រុមមន្រ្តីរដ្ឋាភិបាល ដែលទទួលបន្ទុកលើកិច្ចការនោះ ហើយពួកគាត់តែងតែបានទិញដីទុកជាមុន មុនពេលប្រកាសគំរោងណាមួយជាផ្កូវការ។
ហេតុនេះ នៅពេលគំរោងប្រកាសភ្លាម គឺតម្លៃដីតែងតែកើនឡើង ប្រសិនជាក្នុងស្ថានភាពសេដ្ឋកិច្ចល្អ និងទីផ្សារអចលនទ្រព្យកំពុងមានសញ្ញាវិជ្ជមាន ដូច្នេះក្រុមមន្រ្តីដែលបានដឹងពីរឿងនេះ ពួកគាត់តែងតែបញ្ចេញដី ឬអចលនទ្រព្យភ្លាមៗ ដើម្បីយកផលចំណេញ។
ទិញលក់ភ្លាម លក់ភ្លាម
អ្នកវិនិយោគអចលនទ្រព្យ ដែលជួបភាពជាប់គាំងភាគច្រើន ស្ថិតក្នុងស្ថានភាពមួយចំនួន ដូចជា ទី១ លោភលន់ពេក សុទិដ្ឋិនិយមពេក ទី២ ស្ថានភាពសេដ្ឋកិច្ចល្អ ជាឱកាសរង់ចាំកើបផលចំណេញច្រើន ទី៣ ចង់ទុកជាLand Banking ដែលជាការវិនិយោគរយៈពេលវែង។
ទី៤ រំពឹងថា សេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ ខណៈវិបត្តិ រយៈពេល៥ឆ្នាំកន្លងមកនេះ អាចនឹងបន្តអូសបន្លាយរយៈពេលវែងបន្ថែមទៀត។
ហេតុនេះការវិនិយោគ យកផលចំណេញលឿន លក់ចេញលឿន ជាការវិនិយោគល្អគ្រប់សម័យកាល៕
