ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានជួប និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD។
ដោយទទួលបានការអនុញ្ញាត្តពីលោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន លោកវ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Yunnan Linkun Investment Group Co., LTD ដឹកនាំដោយលោក YUAN LINKUN ប្រធានក្រុមហ៊ុន ដោយមានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋានផ្លូវដែក នាយកដ្ឋានអង្កេត និងបូកសរុបភស្តុភារកម្ម និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។
-->
ជំនួបនេះធ្វើឡើង ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់បន្ថែម ពីឱកាសវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងគម្រោងសំខាន់ៗ ទាក់ទងនឹងផែនការមេអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា។
លោកវ៉ាស៊ីម សូរិយា បានលើកឡើងពីបច្ចុប្បន្នភាពនៃខ្សែផ្លូវដែកទាំងពីរខ្សែដែលមានស្រាប់ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងគម្រោងសំខាន់ៗមួយចំនួន ដែលក្រសួងបាន និងកំពុងអនុវត្តជាមួយក្រុមហ៊ុន ដៃគូក្នុងប្រទេសនិងទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការជំរុញនិងលើកកម្រិតគុណភាពផ្លូវទាំងពីរខ្សែនេះ ឱ្យមានសមត្ថភាពស្មើគ្នាដល់កម្រិតល្បឿន80km/h និងជំរុញនូវការចចារបញ្ចប់កិច្ចសន្យាសម្បទានផ្លូវដែកថ្មី ឱ្យបានរួចរាល់ក្នុងពេលឆាប់ៗនេះ សំដៅចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ គណៈប្រតិភូក្រុមហ៊ុនបានអរគុណថ្នាក់ដឹកនាំក្រសួង ដែលបានផ្ដល់អនុសាសន៍ល្អៗ ដល់ក្រុមហ៊ុនក្នុងការស្វែងយល់បន្ថែម ក្នុងការវិនិយោគលើខ្សែផ្លូវដែកថ្មីនៅកម្ពុជា ក្នុងការតភ្ជាប់ពីកម្ពុជាទៅវៀតណាម និងកម្ពុជាទៅឡាវ ជាមួយនឹងទស្សនទាន នៃការសិក្សាបណ្ដាញផ្លូវដែកល្បឿនលឿនថ្មីនៅក្នុងប្រទេសផងដែរ។
កម្ពុជាមានគម្រោងផ្លូវដែកចំនួន០៨ ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុម័ត ដាក់បញ្ចូលក្នុងផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តមធ្យោបាយ និងភស្តុភារកម្ពុជាឆ្នាំ២០២៣-២០៣៣ ក្នុងចំណោមផែនការមេសរុបចំនួន១៧៤ គម្រោងផងដែរ៕
