ដោយៈ គង់ ម៉ាលីនណា
កំពង់ធំៈ ក្រុមហ៊ុន MIRARTH Agri Tech Co Ltd បានសម្រេចជោគជ័យ ដោយបាននាំចេញគ្រាប់ស្វាយចន្ទីរ ទៅកាន់សហគមន៍អឺរ៉ុបជាលើកដំបូង។
លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយនឹងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុងពិធីអបអរសាទរការនាំចេញផលិតផល កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន MIRARTH Agri Tech Co Ltdកាលពីសប្តាហ៍មុន។
-->
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីសក្ដានុពល នៃវិស័យកែច្នៃគ្រាប់ស្វាយរបស់កម្ពុជា ដោយក្នុងនោះក្រុមហ៊ុន MIRARTH Agri Tech Co Ltd នឹងនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារសហគមអឺរ៉ុបដោយផ្ទាល់ ក្នុងបរិមាណ២៥០តោន ក្នុងឆ្នាំនេះ ដែលជាលទ្ធផលនៃកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការស្វែងរក និងធានាឱ្យបាននូវទីផ្សារអន្តរជាតិ សម្រាប់ផលិតផលកម្ពុជា តាមរយៈក្រុមការងារជំរុញការនាំចេញ និងមជ្ឈមណ្ឌលសេវានាំចេញ ដែលបានកំពុងជួយបណ្ដា ក្រុមហ៊ុននានារបស់កម្ពុជា ក្នុងការពង្រឹងសមត្ថភាពដើម្បីនាំចេញ។
សមិទ្ធផលនេះ សបញ្ជាក់ឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រាជរដ្ឋាភិបាល ដៃគូពាក់ព័ន្ធ និងវិស័យឯកជនក្នុងការពង្រឹងគុណភាព វិស័យកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ឱ្យសមស្របទៅតាមស្តង់ដារអន្តរជាតិ ព្រមទាំងបានបង្ហាញឱ្យឃើញថា ស្វាយចន្ទីដែលផលិតនៅរោងចក្រ នៅខេត្តកំពង់ធំមួយនេះ មានគុណភាពស្តង់ដារអន្តរជាតិ ដែលបានចូលរួមចំណែកបង្កើតនូវផលិតផល ដែលមានតម្លៃខ្ពស់ និងជាមោទនភាពសម្រាប់ក្រុមហ៊ុនផ្ទាល់ សហគមន៍ និងប្រទេសជាតិផងដែរ៕
