ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តន៍ ស្របតាមគោលបំណង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាជា “ប៉ូលសេដ្ឋកិច្ចជាតិទំនើបប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គល និងជាគោលដៅ ទេសចរណ៍ឆ្នេរសមុទ្រស្អាត លំដាប់សកលលោក”។
គោលដៅនេះធ្វើឡើង ដើម្បីរួមចំណែកសំដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានជំរុញការងារគ្រប់គ្រង រៀបចំកែលម្អ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា មានជាអាទី៍ដូចជា ទី១- ការពង្រឹងរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត មានគម្រោងអាទិភាពទី១ គឺការរៀបចំច្បាប់ស្ដីពីការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលសេចក្ដីព្រាងច្បាប់នេះ ត្រូវបានដាក់បញ្ចូលជាមួយនឹងសេចក្ដីព្រាងច្បាប់ស្ដីពី ការរៀបចំដែនដី និងនគរូបនីយកម្ម ដែលបានបញ្ចប់ កិច្ចពិគ្រោះយោបល់ទូលាយ ដើម្បីបន្តស្នើសុំការអនុម័តស្របតាមនីតិវិធីជាធរមាន។
ទី២- គម្រោងអភិវឌ្ឍរមណីយដ្ឋាន ឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” ប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាមដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ទី៣ គម្រោងអភិវឌ្ឍផ្លូវជិះកង់ ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង។ ទី៤- កម្មវិធីប្រកួតប្រជែងស្នាដៃរចនា គម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជា: មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ”។
ទី៥ – គម្រោងរៀបចំកំពង់ផែទេសចរណ៍ និងគម្រោងកែលម្អនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និងខេត្តកោះកុង។
សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់២៥ វិច្ឆិកា ២០២៤៕