ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃច័ន្ទម្សិលមិញ ខណៈមានសេចក្តីរាយការណ៍ថា ប្រទេសអុីស្រាអែលជិតឈានដល់ការបង្កើតបទឈប់បាញ់ជាមួយក្រុមហេសបូឡា។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៩ភាគរយដល់២៦២៧,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៤ភាគរយដល់២៦២៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦២៥,២៦ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៨,៥០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៧,១៧ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៨២ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៥៨%ដល់៣០,៤១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៣%ដល់៩៤៤,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៦%ដល់៩៨១,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក៕
