ដោយ: គង់ លាងហួរ
អន្តរជាតិ: កំណើនសេដ្ឋកិច្ចសកល អាចនឹងកើនឡើងក្នុងរង្វង់ប្រហែល៣ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារគោលនយោបាយពន្ធគយ និងអន្តោប្រវេសន៍ នឹងចាប់ផ្តើមធ្វើឱ្យសន្ទុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ នៅឆ្នាំក្រោយ គួបផ្សំនឹងការជាប់គាំងនៃសេដ្ឋកិច្ចចិន។
បញ្ហាប្រឈមសំខាន់ៗ ក្នុងទីផ្សារនៅឆ្នាំ២០២៤នេះរួមមាន ការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងអត្រាអតិផរណា។ ប្រសិនបើសម្លឹងឆ្ពោះទៅអនាគត កត្តាទាំងពីរនេះ នឹងបន្តជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
-->

លោក Seth Carpenter ប្រធានសេដ្ឋវិទូសកលរបស់ធនាគារ Morgan Stanley មានប្រសាសន៍ឱ្យដឹងថា “លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក នឹងនាំទៅរកការផ្លាស់ប្តូរគោលនយោបាយ ជាមួយនឹងផលប៉ះពាល់ ដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈសេដ្ឋកិច្ចពិភពលោក”។
លោកបន្តថា “កត្តាជំរុញនៃកំណើនសេដ្ឋកិច្ចអាមេរិកកំពុងផ្លាស់ប្តូរ ហើយយើងរំពឹងថា សេដ្ឋកិច្ចអាមេរិកនឹងធ្លាក់ចុះនៅឆ្នាំ២០២៥ និងនៅឆ្នាំ២០២៦ នៅពេលការដាក់ពន្ធថ្មី និងការរឹតបន្តឹងជនអន្តោប្រវេសន៍ចូលជាធរមាន”។
លោកបានព្យាករណ៍ថា កំណើនពិភពលោកនឹងកើនឡើងប្រហែល៣% ក្នុងឆ្នាំ២០២៥ និង២,៩% ក្នុងឆ្នាំ២០២៦ ដោយក្រុមអ្នកវិនិយោគ អាចប្រឈមមុខនឹងការកើនឡើងនៃភាពមិនច្បាស់លាស់ និងភាពខ្វែងគំនិតគ្នាក្នុងតំបន់។

បញ្ហាកំណើនអតិផរណា ដែលបានបង្កឱ្យមានការព្រួយបារម្ភ ចំពោះក្រុមអ្នកបង្កើតគោលនយោបាយ និងអ្នកវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បន្តមានប្រក្រតីភាពឡើងវិញ។
ទោះជាយ៉ាងណា វឌ្ឍនភាពក្នុងការកាត់បន្ថយអតិផរណាអាចមានសភាពយឺតយ៉ាវ ហើយនឹងប្រែប្រួលខុសៗគ្នានៅក្នុងប្រទេសនីមួយៗ។ តួយ៉ាង អតិផរណានៅសហរដ្ឋអាមេរិក អាចនឹងងើបឡើងវិញ នៅចុងឆ្នាំ២០២៥ ដោយសារតែការកើនឡើងនៃតម្លៃទំនិញ និងតម្លៃពលកម្ម ដែលបណ្តាលមកពីពន្ធគយថ្មី និងគោលនយោបាយអន្តោប្រវេសន៍ របស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ត្រាំ។
ដោយឡែក អត្រាអតិផរណា នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ និងចក្រភពអង់គ្លេស អាចបន្តថយចុះជាលំដាប់ ស្របពេលមានហានិភ័យនៃកំណើនសេដ្ឋកិច្ចទាប។
ផ្ទុយទៅវិញ ប្រទេសជប៉ុន កំពុងបន្តជាប់គាំងនៅក្នុងវិបត្តិបរិត្តផរណា ដែលជាបញ្ហាសេដ្ឋកិច្ច ជាច្រើនទសវត្សរ៍មកនេះ។ អតិផរណានៅប្រទេសជប៉ុន អាចនឹងធ្លាក់ចុះមកនៅត្រឹមកម្រិតទាបជាងគោលដៅ២% របស់ធនាគារជប៉ុនក្នុងឆ្នាំ២០២៦។
ទន្ទឹមគ្នានោះ ប្រទេសចិន ក៏នៅតែបន្តការប្រយុទ្ធរបស់ខ្លួន ជាមួយនឹងវិបត្តិបរិត្តផរណាផងដែរ។ ក្រុមសេដ្ឋវិទូនៅធនាគារ Morgan Stanley រំពឹងថា តម្លៃទំនិញប្រើប្រាស់នៅក្នុងប្រទេសចិន នឹងពិបាកស្ទុះងើបឡើងវិញណាស់ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការទីផ្សារក្នុងស្រុក។
ក្នុងបរិបទបែបនេះ ធនាគារកណ្តាលនានានៅលើពិភពលោកអាចនឹងចាត់វិធានការខុសៗគ្នា។ តួយ៉ាង ការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed) ទំនងជាត្រូវផ្អាកនៅពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលដែលធនាគារកណ្តាលអឺរ៉ុប(ECB) និងធនាគារកណ្តាលអង់គ្លេស(BoE)អាចបន្តកាត់បន្ថយអត្រាការប្រាក់។
ទន្ទឹមនឹងនេះ ក្រុមសេដ្ឋវិទូព្យាករណ៍ថា ធនាគារកណ្តាលជប៉ុន(BoJ) នឹងដំឡើងអត្រាការប្រាក់ចំនួនពីរដង នៅក្នុងឆ្នាំ២០២៥៕ប្រភព: Morgan Stanley៕
