ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីបានប្រកាសដោះស្រាយវិបត្តិលំនៅដ្ឋាននៅក្នុងប្រទេសរបស់ខ្លួន ដោយបង្ខំឱ្យពលរដ្ឋអូស្ត្រាលីចូលទៅរស់នៅក្នុងអគារអាផាតមុិនខ្ពស់ៗ។
ទោះបីជាយ៉ាងណាក្តី ចាប់តាំងពីឆ្នាំ២០១៥មក ការអនុម័តគម្រោងសាងសង់អគារអាផាតមុិនខ្ពស់ៗបានដាំក្បាលចុះ៦៣% នៅទូទាំងប្រទេសអូស្ត្រាលី ដោយក្នុងនោះការសាងសង់នៅក្នុងរដ្ឋ New South Wales បានដាំក្បាលចុះ៧៤% ខណៈការសាងសង់នៅក្នុងរដ្ឋ Victoria បានដាំក្បាលចុះ៦៨%។
លោក Luke Berry ស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Thirdi Group បានព្រមានថា កង្វះនៃការផ្គត់ផ្គង់លំនៅដ្ឋាន និងការកើនឡើងនៃតម្រូវការរបស់ពលរដ្ឋអូស្ត្រាលីនឹងជំរុញឱ្យតម្លៃផ្ទះហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។
-->

លោក Berry បានបន្តទៀតថា “យើងសង្កេតឃើញមានគម្រោងអាផាតមុិនតិចតួចណាស់ ដែលកំពុងដំណើរការសាងសង់នាពេលនេះ ដោយសារតែកត្តាថ្លៃដើមកើនឡើងខ្ពស់។ ដូច្នេះ បញ្ហាកង្វះនៃការផ្គត់ផ្គង់នឹងរីកកាន់តែធំជាងនេះក្នុងរយៈពេលពីរបីឆ្នាំខាងមុខ”។
យោងតាមការព្យាករណ៍ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បង្ហាញថា ការផ្គត់ផ្គង់អាផាតមុិនទៅទូទាំងប្រទេសអូស្ត្រាលីនឹងមានចំនួនជាមធ្យម៥០.០០០យូនីតក្នុងមួយឆ្នាំនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០២៩។
ប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើមក្នុងការសាងសង់ ចាប់តាំងពីជំងឺរាតត្បាតមក ក្រុមហ៊ុន CBRE បានព្យាករណ៍ថា អ្នកអភិវឌ្ឍន៍នឹងដំឡើងតម្លៃលក់អាផាតមុិនយ៉ាងគំហុកដើម្បីមានលទ្ធភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការបន្តសាងសង់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។
ទោះបីជាយ៉ាងណាក្តី ការដំឡើងតម្លៃបែបនេះ អាចធ្វើឱ្យតម្រូវការពីអ្នកចង់ទិញផ្ទះនាពេលអនាគតដាំក្បាលចុះ។
លោក Richard Temlett អ្នកជំនាញនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Charter Keck Cramer បានលើកឡើងថា “ដោយសារតែថ្លៃដើមនៃការសាងសង់បានកើនឡើងពី៣០% ទៅ៤០% នោះតម្លៃអាផាតមុិនអាចនឹងកើនឡើងប្រហែល៣០% បើប្រៀបធៀបទៅនឹងកម្រិតមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩”៕ប្រភព: Macro Business៕
