លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានថ្លែងថា កម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ខាងមុខ ដែលនេះគឺជាការតាំងចិត្តខ្ពស់រាជរដ្ឋាភិបាល ។

ក្នុងកិច្ចប្រជុំត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ ដែលមានប្រទេសចំនួន៧ចូលរួម លោក លី ធុជ មានប្រសាសន៍ថា បើពិនិត្យលើសូចនាករ ពាក់ព័ន្ធនឹងដំណើរការ នៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច គឺវិស័យសំខាន់ កម្ពុជាឆ្ពោះទៅមុខ ដែលក្នុងនោះ រួមមានវិស័យមូលធនមនុស្ស និងសង្គមកិច្ច ប៉ុន្តែវិស័យសេដ្ឋកិច្ច ត្រូវពឹងផ្នែកទៅលើស្ថានភាពអន្តរជាតិមួយចំនួនដែរ ។
-->

លោកបានបន្តថា ដោយកន្លងមកយើងបានប៉ះពាល់ដោយសារបញ្ហាជំងឺកូវីដ-១៩ គឺកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះ ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីមានភាពរឹងមាំ និងឈ្លៀសវៃ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងវិញជាបន្តបន្ទាប់ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី ក៏កំពុងខិតខំកសាងបន្ថែមទៀត ។

លោក លី ធុជ បានបន្ថែមថា សម្រាប់កិច្ចប្រជុំ ត្រួតពិនិត្យកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច លើកទី១ គឺពិភាក្សាផ្ដោតទៅលើវិស័យធនធាមនុស្ស សង្គមកិច្ច សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីគាំទ្រដល់ដំណើការ នៃការវិវឌ្ឍរបស់បណ្ដាប្រទេស ដែលមានការអភិវឌ្ឍតិចតួច ដើម្បីចាកចេញពីស្ថានភាពនេះ ទៅជាប្រទេសមានការអភិវឌ្ឍ ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះ និងមានបទពិសោធន៍យ៉ាងជោគជាំពីបញ្ហាសង្គ្រាម កម្ពុជានឹងធ្វើបទបង្ហាញ និងចែករំលែកកិច្ចការកសាងជាតិ និងការការពារសុខសន្តិភាព ទៅដល់ប្រទេសដែលបានចូលរួមប្រជុំមាន ប្រទេសឡាវ នេប៉ាល់ គិរីបាទិ បង់ក្លាដេស ទូវ៉ាលូ និងកោះសូឡូម៉ុន ។

សូមបញ្ជាក់ថា ក្រោយដួលរលំនៃរបប ប៉ុល ពត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងជាតិ តាំងពីបាតដៃទទេ ធ្វើឲ្យកម្ពុជាមាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧ភាគរយ ក្នុងរយៈពេលពីរទសវត្សជាប់គ្នា ហើយពីប្រជាពលរដ្ឋដែលក្នុងមួយថ្ងៃរកមិនបាន ១ដុល្លារផងនោះ ដោយបច្ចុប្បន្នក្នុងឆ្នាំៗ មនុស្សម្នាក់អាចរកបានចំណូលប្រមាណ ១ ៥០០ដុល្លារ ខណៈរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីនយោបាយ គាំទ្រសង្គមផ្សេងៗផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ
