ឥណ្ឌូនេស៊ីសម្រុកពន្លឿនការសាងសង់តំបន់សេដ្ឋកិច្ចពិសេសដើម្បីស្តារសន្ទុះកំណើនសេដ្ឋកិច្ចឡើងវិញ

0

ដោយ: គង់ លាងហួរ
ហ្សាការតា: មន្ដ្រីជាន់ខ្ពស់មួយរូបបានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងសម្រុកពន្លឿនការសាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន (KEK) របស់ខ្លួនដើម្បីទាក់ទាញបណ្តាអ្នកវិនិយោគកាន់តែច្រើន និងជំរុញការនាំចេញផលិតផលទៅក្រៅប្រទេស។

លោក Airlangga Hartarto រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី ថ្លែងថា “លោកប្រធានាធិបតី Prabowo Subianto បានណែនាំយើងឱ្យពន្លឿនការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដើម្បីបង្កើតឱកាសសម្រាប់វិនិយោគិន”។

លោកបានថ្លែងនៅឯវិមានប្រធានាធិបតីក្នុងទីក្រុងហ្សាការតា បន្ទាប់ពីចូលរួមកិច្ចប្រជុំជាមួយលោក Subianto ថា តំបន់សេដ្ឋកិច្ចពិសេសទាំងនេះនឹងជួយបង្កើនការនាំចេញទំនិញរបស់យើងទៅបរទេស។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

មន្ត្រីជាន់ខ្ពស់រូបនេះបាន​កត់​សម្គាល់​ថា ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​ដាក់ចេញនូវ​គម្រោង​ជាយុទ្ធសាស្ត្រ​ថ្នាក់ជាតិ​មួយ​ចំនួន​ ដែល​ទាមទារ​ការ​វិនិយោគ​ជាចាំបាច់បំផុត។

លោក​រដ្ឋមន្ដ្រីបាន​មានប្រសាសន៍ឱ្យដឹងបន្ថែម​ថា​ “យើង​គ្រោង​នឹង​បញ្ចប់​គម្រោង​ចំនួន១៨ នៅ​ឆ្នាំ​២០២៤នេះ និង៣០គម្រោង​ទៀត​នៅ​ឆ្នាំ២០២៥ខាងមុខ”។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណ្ឌូនេស៊ីបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន២៤កន្លែងនៅទូទាំងប្រទេស។

លោក Hartarto ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា គិតត្រឹមត្រីមាសទី៣ ឆ្នាំនេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (KEKs) បានកើនឡើងដល់ទំហំទឹកប្រាក់ចំនួន៦៨,៤៣ទ្រីលានរូពៀ(ប្រហែល៤,៣ពាន់លានដុល្លារអាមេរិក)។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិឥណ្ឌូនេសុីបានបង្ហាញថា ទំហំផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌូនេស៊ីក្នុងត្រីមាសទី៣ ឆ្នាំនេះ បានកើនឡើងក្នុងរង្វង់៤,៩៥ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន។ តួលេខនេះជាកំណើនទាបបំផុតក្នុងរយៈពេលមួយឆ្នាំ។

ប្រមុខមុខនឹងការថយចុះនៃសន្ទុះសេដ្ឋកិច្ច ធនាគារកណ្តាលឥណ្ឌូនេស៊ី បានសម្រេចកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញសេដ្ឋកិច្ចកាលពីខែកញ្ញាកន្លងទៅ និងបានសម្រេចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងខែតុលា ដោយសារការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបន្តដាក់សម្ពាធលើតម្លៃប្រាក់រូពៀ ដែលជារូបិយបណ្ណជាតិរបស់ប្រទេសឥណ្ឌូនេសុី៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here