ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនដឹកជញ្ជូនសាធារណៈ Prasarana Malaysia Berhad របស់រដ្ឋាភិបាលម៉ាឡេសុី បានបើកដំណើរការសំបុត្រ MyTourist Pass ដើម្បីលើកទឹកចិត្តប្រជាជន និងភ្ញៀវទេសចរណ៍ឱ្យងាកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ។

សំបុត្រនេះផ្តល់ជូនភ្ញៀវទេសចរណ៍នូវមធ្យោបាយធ្វើដំណើរសាធារណៈនៅជុំវិញទីក្រុងគូឡាឡាំពួរ។ មធ្យោបាយនៃការដឹកជញ្ជូនសាធារណៈទាំងនោះរួមមានដូចជា រថភ្លើងធុនស្រាល រថភ្លើង MRT ផ្លូវរថភ្លើង Monorail ឡានក្រុង និងសេវារថយន្តដឹកអ្នកដំណើរ។
-->

លោក Anthony Loke រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេសុីបានថ្លែងថា សំបុត្រនេះនឹងត្រូវបានលក់ជូនសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាតំបន់ Klang Valley ដែលរួមមានទីក្រុងគូឡាឡាំពួរ ទីក្រុង Putrajaya និងរដ្ឋ Selangor។

លោកបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងជំរុញឱ្យភ្ញៀវជាតិ និងភ្ញៀវបរទេសជាច្រើនងាកមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនៅពេលមកដល់ទីក្រុងគូឡាឡាំពួ។

ចំពោះប្រជាជនម៉ាឡេស៊ី សំបុត្រ MyTourist Pass ត្រូវបានដាក់លក់ក្នុងតម្លៃ២០រីងហ្គីត (៤,៥៤ដុល្លារអាមេរិក) សម្រាប់រយៈពេលមួយថ្ងៃ តម្លៃ៣០រីងហ្គីតសម្រាប់រយៈពេល២ថ្ងៃ និងតម្លៃ៤០រីងហ្គីតសម្រាប់រយៈពេល៣ថ្ងៃ។
លោករដ្ឋមន្ដ្រីបានមានប្រសាសន៍ឱ្យដឹងបន្តថា ចំពោះជនបរទេស សំបុត្រ MyTourist Pass ត្រូវបានដាក់លក់ក្នុងតម្លៃ៤០រីងហ្គីតសម្រាប់រយៈពេលមួយថ្ងៃ តម្លៃ៦០រីងហ្គីតសម្រាប់រយៈពេល២ថ្ងៃ និងតម្លៃ៨០រីងហ្គីតសម្រាប់រយៈពេល៣ថ្ងៃ។
ឧបនាយករដ្ឋមន្ត្រីម៉ាឡេសុីលោក Fadillah Yusof បានលើកឡើងថា គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះជាការឆ្លើយតបទាន់ពេលវេលា ខណៈដែលម៉ាឡេស៊ីនឹងចូលកាន់តំណែងជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ៕ប្រភព: Vnexpress៕
