ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនទីផ្សារមូលធន KB Securities Vietnam (KBSV) បង្ហាញសុទិដ្ឋិនិយមថា បណ្តាក្រុមហ៊ុនអាមេរិក និងបណ្តាក្រុមហ៊ុនមកពីប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក អាចនឹងបង្វែរមូលដ្ឋានផលិតកម្មទៅកាន់ប្រទេសវៀតណាម ក្នុងអាណត្តិរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ខណៈរដ្ឋបាលថ្មីរបស់លោកនឹងបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិក និងចិន។
យោងតាមកាសែត The Investor បានរាយការណ៍ថា បណ្តាក្រុមហ៊ុនសហគ្រាសមកពីប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថា នឹងផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ន បណ្តាក្រុមហ៊ុនមកពីប្រទេសទាំងនេះ បានចូលរួមចំណែកជាង៥០ភាគរយនៃការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក។

-->
ស្ថាប័ន KBSV បានចង្អុលបង្ហាញថា ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ជាមូលហេតុ ដែលជំរុញឱ្យបណ្តាក្រុមហ៊ុនសាជីវកម្មពហុជាតិ ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មចេញពីប្រទេសចិន ដើម្បីបញ្ចៀសហានិភ័យ។
យ៉ាងណាមិញ ក្រុមអ្នកវិភាគបានអះអាងថា និន្នាការនេះប្រហែលជាពុំមានទ្រង់ទ្រាយធំខ្លាំងដូចកាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ដែលនៅពេលនោះ បណ្តាក្រុមហ៊ុនយក្សដូចជា Apple Intel Foxconn Lego និង Sumitomo Wiring Systems ផ្លាស់ប្ដូរទីតាំងផលិតកម្មចេញពីប្រទេសចិននោះទេ។

ក្រុមអ្នកវិភាគបានបន្ថែមថា ឧស្សាហកម្មនាំចេញសំខាន់ៗមួយចំនួនរបស់សហគ្រាសវៀតណាម ជាពិសេសវាយនភណ្ឌ និងកាត់ដេរ អាចបង្កើនការប្រកួតប្រជែងជាមួយផលិតផលចិន នៅពេលនាំចេញទៅកាន់ទីផ្សារអាមេរិក។
ជាមួយគ្នានេះ ទោះបីជាសហរដ្ឋអាមេរិកអាចនឹងដាក់ពន្ធចាប់ពី១០ភាគរយទៅ២០ភាគរយ លើផលិតផលវាយនភណ្ឌរបស់វៀតណាមយ៉ាងណាក្តី ក៏ផលប៉ះពាល់ជាក់ស្តែងមានទំហំមិនគួរឱ្យព្រួយបារម្ភនោះទេ បើប្រៀបធៀបទៅនឹងពន្ធបច្ចុប្បន្នចន្លោះពី៨ភាគរយទៅ២៥ ភាគរយ។

ម៉្យាងទៀត ការដាក់ពន្ធចន្លោះចន្លោះពី១០ភាគរយទៅ២០ភាគរយ អាចនឹងធ្វើឱ្យវៀតណាមមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងអត្រាពន្ធចំនួន៦០ភាគរយ ដែលលោក ត្រាំ បានគំរាមដាក់លើទំនិញចិន។ យ៉ាងណាមិញ វៀតណាមក៏នៅតែត្រូវប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតផងដែរ។
ទោះជាយ៉ាងណាក្តី ការដឹកនាំអាណត្តិថ្មីរបស់លោក ត្រាំ អាចបង្កផលប៉ះពាល់មួយចំនួន រួមមានដូចជា ការធ្លាក់ចុះនៃលំហូរវិនិយោគផ្ទាល់ពីប្រទេសចិន ខណៈសហរដ្ឋអាមេរិកក៏អាចនឹងដំឡើងពន្ធប្រឆាំងការលក់បង្ខូចតម្លៃលើផលិតផលវៀតណាមផងដែរ៕ប្រភព: The Investor៕