កម្ពុជាជំពាក់បំណុលសាធារណៈក្នុងទំហំទឹកប្រាក់ជិត១២ពាន់ លានដុល្លារ

0

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤នេះ កម្ពុជាមានបំណុលសាធារណៈសរុប១១.៧៨ ប៊ីលានដុល្លារអាមេរិក។

រដ្ឋាភិបាល នៅតែវាយតម្លៃថា ស្ថានភាពបំណុលនៅកម្ពុជា បន្តស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺនៅតែមាន “ចីរភាព” និង​”ហានិភ័យកម្រិតទាប”។

យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ក្នុងចំណោមសន្និធិបំណុលសាធារណៈ១១.៧៨ ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ ៩៩% ត្រូវនឹងប្រមាណ១១.៦៧ ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង១% ត្រូវនឹងប្រមាណ១១៥លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន៖ ៤៥% ជាដុល្លារអាមេរិក។ ចំនួន១៩% ជាអេសដេអ៊ែ។ ១២% ជាយេនជប៉ុន, ១១% ជាយ័នចិន, ៨% ជាអឺរ៉ូ, និង៥% ទៀត ជារូបិយវត្ថុជាតិ និងរូបិយប័ណ្ណផ្សេងៗ។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងផងដែរថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន៧៣៨.០៧ លានដុល្លារអាមេរិក ឬស្មើនឹង៥៤២.៥៥លានអេសដេអ៊ែ។

ជារួមសរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភិវឌ្ឍនានា សរុបចំនួន១.០៧ប៊ីលានដុល្លារអាមេរិក ស្មើនឹង ៧៨៦.៦៨លានអេសដេអ៊ែ ស្មើនឹងប្រមាណ៤៦% នៃពិតានដែលច្បាប់អនុញ្ញាត (១៧០០លាន អេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេរភាគី៣៨% និងក្របខ័ណ្ឌពហុភាគី ៦២%។

បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ៧%។

ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ប្រមាណ៤៧%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

ការរក្សាបាននូវចីរភាពបំណុល សាធារណៈនេះ គឺអាស្រ័យដោយកម្ពុជា មានប្រព័ន្ធគ្រប់គ្រងបំណុល សាធារណៈមួយដ៏រឹងមាំ ដែលមានជាអាទិ៍៖ ១ ក្របខ័ណ្ឌគតិយុត្ត, ២ គោលនយោបាយ យុទ្ធសាស្ត្រ និងនីតិវិធីគ្រប់គ្រងប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ៣) សមត្ថភាពស្ថាប័ន និងធនធានមនុស្សគ្រប់គ្រាន់ និង៤) ប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការវិភាគ និងតាមដានហានិភ័យបំណុល។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here