ដោយៈ ហ៊ូ ចំរើនអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា
ប្រទេសចិនៈ លោកស៊ី ជីនពីងប្រធានាធិបតីចិន កាលពីសប្តាហ៍មុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយមជ្ឈិម នៃគណបក្សកុម្មុយនីស្តចិន ដើម្បីកំណត់ទិសដៅសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០២៥។
អង្គប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់លើគ្រប់វិស័យ ការបើកទូលាយសេដ្ឋកិច្ចកម្រិតខ្ពស់ និងការដាក់ចេញគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដែលមានភាពបុរេសកម្ម។
ទិសដៅសេដ្ឋកិច្ចទាំងនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំ របស់រដ្ឋាភិបាលចិន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាព ក្នុងឆ្នាំ២០២៥នោះទេ ប៉ុន្តែថែមទាំងបញ្ជូនសញ្ញាវិជ្ជមាន ដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោកផងដែរ។
ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញការបង្កើតកម្លាំងផលិតថ្មី ក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងនវានុវត្តន៍ ហើយផ្លែផ្កា ដែលទទួលបានពីវិស័យទាំងនេះ នឹងជះឥទ្ធិពលវិជ្ជមាន ដល់បណ្តាប្រទេសនានា ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការទទួលបាននូវបច្ចេកវិទ្យាទំនើប ការផ្លាស់ប្តូរបទពិសោធន៍ លើវិស័យបញ្ញាសិប្បនិម្មិត និងសេដ្ឋកិច្ចឌីជីថលជាដើម។
តួយ៉ាង ប្រទេសចិនបានបង្កើតភាពជាដៃគូវិទ្យាសាស្ត្រជាមួយប្រទេស និងតំបន់ជាង១៦០ទូទាំងពិភពលោក ដើម្បីជំរុញវឌ្ឍនភាព ក្នុងវិស័យបញ្ញាសិប្បនិម្មិត ថាមពលស្អាត និងជីវវេជ្ជសាស្ត្រ។
កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ប្រទេសចិនបានបង្កើតក្រុមនៃមិត្តស្តីពី “កិច្ចសហប្រតិបត្តិការកសាងសមត្ថភាពបញ្ញាសិប្បនិម្មិត” ដើម្បីរួមគ្នាអនុវត្តន៍ផែនការសកម្មភាព ក្នុងការកសាងសមត្ថភាព បញ្ញាសិប្បនិម្មិតសម្រាប់គោលបំណងល្អ និងសម្រាប់ទាំងអស់គ្នា សំដៅជំរុញគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។
ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២លើពិភពលោក ប្រទេសចិនបានរួមចំណែកដល់ផលិតផល ក្នុងស្រុកសរុបរបស់ពិភពលោកជិត៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយតួរលេខនេះ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីទំនាក់ទំនងវិជ្ជមាន រវាងសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល ពោលគឺសន្ទុះនៃការអភិវឌ្ឍចិន នឹងនាំទៅរកសន្ទុះ នៃកំណើនសេដ្ឋកិច្ចសកល និងត្រឡប់មកវិញ។
ជាការពិតណាស់ វឌ្ឍនភាពរបស់ចិនបាននាំមកនូវកាលានុវត្តន៍អភិវឌ្ឍន៍ថ្មីៗ ជាជាងការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងពិភពលោក ដែលផ្ទុយទាំងស្រុងពីអ្វី ដែលជនអគតិមួយចំនួន បានលើកឡើង។
មិនថាស្ថានភាពពិភពលោក មានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា ប្រទេសចិននៅតែដើរតួនាទី ជាអ្នកគាំទ្រដ៏សកម្ម ដល់ប្រព័ន្ធពហុភាគីនិយម និងការបើកទូលាយសេដ្ឋកិច្ច តាមរយៈការរៀបចំនូវវេទិកា ពិព័រណ៍ និងសន្និសីទអន្តរជាតិនានាដូចជា (១) វេទិកាខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (២) ពិព័រណ៌នាំចូលអន្តរជាតិចិន (៣) ពិព័រណ៌នាំចូល-នាំចេញចិន (៤) ពិព័រណ៌ផលិតផល អ្នកប្រើប្រាស់អន្តរជាតិចិន និង (៥) សន្និសីទប្រចាំឆ្នាំនៃវេទិកាបូអាវ សម្រាប់អាស៊ី។ល។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រទេសចិនក៏ទើបតែបានរៀបចំដោយជោគជ័យ នូវពិព័រណ៌នាំចូលអន្តរជាតិលើកទី៧ នៅទីក្រុងសៀងហៃ ជាមួយនឹងវត្តមានរបស់សហគ្រាសជាង៣.៥០០ មកពី១២០ប្រទេស ចូលរួមដាក់បង្ហាញផលិតផល បច្ចេកវិទ្យាកម្រិតខ្ពស់។
ទន្ទឹមនឹងនេះ ពិព័រណ៍អាស៊ាន-ចិនដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក៏បានក្លាយទៅជាយន្តការមួយដ៏សំខាន់ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងចិន ឆ្ពោះទៅរកការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម សេរីអាស៊ាន-ចិន ៣.០។ ការប្តេជ្ញាចិត្តរបស់ចិន ក្នុងការបើកចំហសេដ្ឋកិច្ចនឹងនាំមកនូវឱកាសមហាសាល ដល់ប្រទេសនានា ក្នុងការនាំចេញផលិតផល ទៅកាន់ទីផ្សារចិន ដែលមានប្រជាជនសរុបប្រមាណ១,៤ ពាន់លាននាក់។
ក្រៅពីនេះ ការបន្ធូរបន្ថយនូវគោលនយោបាយរូបិយវត្ថុរបស់ចិន ក៏នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល និងកាត់បន្ថយហានិយភ័យនៃហិរញ្ញវត្ថុសកលផងដែរ។
ត្រូវបានប្រសិទ្ធនាមថា ជារោងចក្រនៃពិភពលោក ប្រទេសចិនមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់សកល។ ក្នុងន័យនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិន ក្នុងការពង្រីកតម្រូវការ និងពង្រឹងស្ថិរភាព ទីផ្សារអចលនទ្រព្យក្នុងស្រុក តាមរយៈការអនុវត្ត នូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយបុរេសកម្ម នឹងជំរុញភាពរស់រវើកនៃសេដ្ឋកិច្ចចិន ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ការងើបឡើង នៃសេដ្ឋកិច្ចសកល។
សរុបមកវិញ ទិសដៅសេដ្ឋកិច្ចក្នុងឆ្នាំ២០២៥ មិនត្រឹមតែផ្តល់នូវដំណោះស្រាយ ប្រកបដោយនវានុវត្តន៍សម្រាប់ចិន ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា និងជំរុញកំណើនប្រកបដោយចីរភាពទេ ប៉ុន្តែថែមទាំងផ្តល់សញ្ញាវិជ្ជមាន សម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសកល ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ និងការកើនឡើងនូវគោលនយោបាយគាំពារនិយម៕