ដោយៈ
រដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤។
នេះជំហានដ៏សំខាន់ ឆ្ពោះទៅរកទំនើបកម្មប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស។
-->
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើងដោយអគ្គនាយកដ្ឋាន សេដ្ឋកិច្ចឌីជីថលGDDE) មានតួនាទីជាប្រព័ន្ធកណ្តាល សម្រាប់ផ្លាស់ប្តូរវិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិក រវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា និងមានមុខងារផ្តល់ អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជាក្រដាសឡើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ GDDE បានឱ្យដឹងថា “ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍ សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិច ត្រូនិកនៅកម្ពុជា សំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ គាំទ្រដល់ការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា”។

សេចក្ដីប្រកាសព័ត៌មានបានបន្ដថា “វាបានចូលរួមពង្រឹងអនុលោមភាព បទប្បញ្ញត្តិសារពើពន្ធ ចូលរួម ក្នុងការសម្រេចនូវគោលដៅ នៃការអភិវឌ្ឍប្រកប ដោយចីរភាព និងត្រៀមចូលរួមក្នុងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន”។
នេះស្របតាមយុទ្ធសាស្ត្រ នៃក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ចប់ ការអភិវឌ្ឍ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា រួចរាល់ក្នុងការដាក់ឱ្យដំណើរការប្រើប្រាស់។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្តាល សម្រាប់ផ្លាស់ប្តូរវិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិក រវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា និងមានមុខងារផ្តល់អត្តសញ្ញាណ និងបញ្ជាក់ទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យបោះពុម្ពវិក្កយបត្រជាក្រដាសឡើយ។
ប្រព័ន្ធវិក្កយបត្រនេះ ផ្តល់ជូនអាជីវកម្មនូវអត្ថប្រយោជន៍សំខាន់ៗ រួមទាំងការសន្សំសំចៃរហូតដល់ ៩០ភាគរយ ការរួមបញ្ចូលយ៉ាងរលូនជាមួយនឹងប្រព័ន្ធ Enterprise Resource Planning (ERP) និងការពង្រឹងសមត្ថភាព កត់ត្រាសម្រាប់ការត្រួតពិនិត្យ និងការអនុលោមភាពកាន់តែងាយស្រួល។

វាធ្វើមាត្រដ្ឋានយ៉ាងងាយស្រួល ជាមួយនឹងកំណើនអាជីវកម្ម ធានាបាននូវការរំខានតិចតួច ខណៈពេលដែលផ្តល់នូវភាពបត់បែន ក្នុងការគ្រប់គ្រងវិក្កយបត្រគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលមានអ៊ីនធឺណិត។
លើសពីនេះ ប្រព័ន្ធនេះ ជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធ សម្រួលដំណើរការវិក្កយបត្រ និងបង្កើនប្រសិទ្ធភាព និងតម្លាភាពជារួម។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានអំពាវនាវដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនអាជីវកម្ម ទាំងអស់ចុះឈ្មោះចូលជាសមាជិកនៃ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ឬត្រៀមផ្តល់កិច្ចសហការ ក្នុងការចូលរួមជាបន្តបន្ទាប់ក្នុងការអនុវត្ត៕