អ្នកឧកញ៉ាលី ឃុនថៃរៀបចំវេទិកាធុរកិច្ចពាណិជ្ជកម្មជាមួយខេត្តមួយរបស់ចិន ដើម្បីទាក់ទាញការវិនិយោគ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អ្នកឧកញ៉ាលី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានរៀបចំវេ​ទិកា​ធុរកិច្ច និងពាណិជ្ជកម្មចិនណាននីង-កម្ពុជា ក្នុងគោលបំណង​លើកកម្ពស់​ការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងណាននីង តំបន់ស្វយ័ត​ក្វាងស៊ី ប្រទេសចិន។

តាមរយៈវេទិកាដែលបានប្រារពកាលពីថ្ងៃទី១៦ ធ្នូកន្លងមកនេះ អ្នកឧកញ៉ាលី ឃុនថៃ បានលើកបង្ហាញពីគោលនយោ​បាយវិនិយោគរបស់កម្ពុជា និងលក្ខខណ្ឌទាក់ទាញ ប្រកបដោយសក្តានុពល​ខ្ពស់ជាច្រើនសម្រាប់ការវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ បានមានប្រសាសន៍ថា “ក្រោមការដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កម្ពុជា​ បន្តរក្សា​បានសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវិបុលភាព”។ អ្នកឧកញ៉ាបន្តថា “បន្ថែមពីលើ​នោះ សេដ្ឋកិច្ចរបស់កម្ពុជា មានភាពធន់គួរឱ្យកត់សម្គាល់ ដោយអតិផរណា​រក្សាស្ថិរភាពនៅ ២.៣ភាគរយ នៅឆ្នាំ២០២៣ និងកំណើនសេដ្ឋកិច្ច ៥.៦​ភាគ​រយ ជាមួយការព្យាករណ៍ នឹងកើនឡើងដល់៦ភាគរយ នៅឆ្នាំ២០២៤”។

ក្នុងរយៈពេល១០ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង​ចិន​ឈានដល់១២.៣៧ពាន់លានដុល្លារអាមេរិក កើនឡើង ២៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញរបស់កម្ពុជា​ទៅកាន់​ប្រទេសចិន ឈានដល់១.៤២ពាន់លានដុល្លារអាមេរិក កើនឡើង២១ភាគ​រយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសចិន ឈាន​ដល់១០.៩៥ពាន់លានដុល្លារអាមេរិក កើនឡើង២៣ភាគរយពី​មួយឆ្នាំទៅ​មួយឆ្នាំ។

អ្នកឧកញ៉ា លី ឃុនថៃ បានលើកឡើងដែរថា គោលនយោបាយវិនិយោគ​នៅ​កម្ពុជាមានភាពបត់បែន ដែលក្នុងនោះកម្ពុជាមានស្ថេរភា​ពលើអត្រាប្តូរ​ប្រាក់។ កម្ពុជា ស្វាគមន៍រាល់ការវិនិយោគពីបរទេស កម្ពុជា​អនុញ្ញាតឱ្យក្រុម​ហ៊ុនបរទេស ដាក់ទុនវិនិយោគ១០០ភាគរយ ដោយមិនចាំបាច់មានដៃ​គូក្នុង​ស្រុក។ ទន្ទឹមនឹងនេះ តម្លៃពលកម្មរបស់កម្ពុជាមានការ​ប្រកួតប្រជែង​ ដែល​ផ្តល់នូវគុណសម្បត្តិតម្លៃដ៏ល្អ សម្រាប់ផលិតកម្ម។

ដោយឡែកហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា បន្តមានភាពប្រសើរឡើង រាជរដ្ឋា​ភិបាល​វិនិយោគច្រើនលើផ្លូវល្បឿនលឿន ព្រលានយន្តហោះ និងណ្តាញ​អគ្គិសនីជាដើម។

តាមរយៈវេទិកាធុរកិច្ចនេះ បានផ្តល់ព័ត៌មានកាន់តែច្រើន​ពាក់ព័ន្ធ​ការ​វិនិ​យោគ​នៅកម្ពុជា ជូនដល់អ្នកធុរកិច្ចនៅប្រទេសចិន ហើយធ្វើឱ្យពួកគេចាប់​អារម្មណ៍លើការវិនិយោគនៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here