ដោយ: គង់ លាងហួរ
អន្តរជាតិ: លោក ដូណាល់ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋ និងជាអតីតប្រធានាធិបតី តែងតែបានអះអាងថា លោកបានបង្កើតសេដ្ឋកិច្ចដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក។
ស្របពេលដែលលោកត្រាំ នឹងត្រឡប់ទៅកាន់សេតវិមានវិញនៅខែមករា ឆ្នាំ២០២៥ ក្រុមសេដ្ឋវិទូបានធ្វើការប្រៀបធៀបរវាងស្ថានភាពសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយសេដ្ឋកិច្ចអាមេរិកក្រោមអាណត្តិទី១របស់លោកត្រាំ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
សហរដ្ឋអាមេរិកក្រោមរដ្ឋបាលដំបូងរបស់លោក ដូណាល់ត្រាំ បានជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមដ៏ធំបំផុត ហើយវិបត្តិនេះបានបន្តអូសបន្លាយដល់ដើមអាណត្តិដំបូងរបស់លោក ចូបៃដិន។
-->

ខាងក្រោមនេះជាសូចនាករសំខាន់ៗនៃសុខភាពសេដ្ឋកិច្ចអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីទាំង២។
ទី១: កំណើនសេដ្ឋកិច្ច
ទោះបីជាផលប៉ះពាល់នៃជំងឺកូវីដបានធ្វើឱ្យការប្រៀបធៀបមានការពិបាកយ៉ាងណាក្តី ប៉ុន្តែ ប្រធានាធិបតីទាំងពីរអាចត្រូវបានចាត់ទុកថា ទទួលបានជោគជ័យផ្នែកសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់មួយចំនួន។
បន្ទាប់ពីជំងឺរាតត្បាត សេដ្ឋកិច្ចអាមេរិកបានស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក ត្រាំ ហើយបានងើបឡើងវិញល្អប្រសើរជាងបណ្តាប្រទេសលោកខាងលិចជាច្រើនទៀត។
និន្នាការនេះបានបន្តកើតមាននៅក្រោមការដឹកនាំរបស់លោក បៃដិន ដោយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានងើបឡើងវិញខ្លាំងបំផុតបើប្រៀបធៀបនឹងបណ្តាប្រទេសសមាជិកក្រុម G7 ផ្សេងទៀត។
នៅចន្លោះខែមករា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០២១ក្រោមអាណត្ដិដឹកនាំដំបូងរបស់លោកដូណាល់ត្រាំ អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមរបស់សហរដ្ឋអាមេរិកស្ថិតក្នុងរង្វង់២,៣%។
ដោយឡែក គិតរហូតមកដល់ពេលនេះនៅក្រោមការគ្រប់គ្រងរបស់លោកចូបៃដិន តួលេខសេដ្ឋកិច្ចអាមេរិកមានអត្រាជាមធ្យមប្រចាំឆ្នាំចំនួន២,២% ដែលជាតួលេខប្រកៀកប្រកិតគ្នា។
ទី២: អត្រាអតិផរណា
តម្លៃទំនិញនៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរឆ្នាំដំបូងក្រោមការដឹកនាំរបស់លោក បៃដិន ដោយឈានដល់កម្រិតកំពូលចំនួន៩,១% ក្នុងខែមិថុនា ឆ្នាំ២០២២។
បច្ចុប្បន្ននេះ អត្រាអតិផរណាបានធ្លាក់ចុះដល់ក្នុងរង្វង់ប្រហែល៣%។ ប៉ុន្តែ វានៅតែមានកម្រិតខ្ពស់ជាងពេលដែលលោក ត្រាំ ចាកចេញពីតំណែង។
ជាឧទាហរណ៍ ក្នុងកំឡុងរយៈពេល១២ខែ គិតត្រឹមខែសីហា ឆ្នាំ២០២២ តម្លៃគ្រឿងទេសបានកើនឡើង១៣,៥%។ នេះជាកម្រិតខ្ពស់បំផុតនៅក្រោមការគ្រប់គ្រងរបស់លោកបៃដិន។
ចាប់តាំងពីពេលនោះមក តម្លៃគ្រឿងទេសចាប់ផ្តើមមានស្ថិរភាពឡើងវិញ ខណៈការចំណាយលើគ្រឿងទេសកើនឡើង១,១% ចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែកក្កដាឆ្នាំនេះ។
និន្នាការនាពេលថ្មីៗនេះអាចប្រៀបធៀបជាមួយនឹងបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀត ដែលបានជួបប្រទះនឹងបញ្ហាអត្រាអតិផរណាហក់ឡើងខ្ពស់ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលជំរុញដោយជំងឺកូវីដ និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន។

ទី៣: អត្រាអ្នកមានការងារធ្វើ
ក្នុងរយៈពេល៣ឆ្នាំដំបូងនៃអាណត្តិរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ចំនួនការងារជិត៦,៧លានកន្លែងត្រូវបានបង្កើតបន្ថែម មុនពេលដែលវិបត្តិជំងឺឆ្លងកូវីដ-១៩ បានវាយលុកទីផ្សារការងារអាមេរិកយ៉ាងខ្លាំង។
ចំនួនការងារដែលបង្កើតថ្មីមានការកើនឡើងជិត១៦លានកន្លែងចាប់តាំងពីលោកប្រធានាធិបតី ចូបៃដិន បានចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១។
មុនពេលផ្ទុះជំងឺរាតត្បាត អត្រាគ្មានការងារធ្វើក្រោមរដ្ឋបាលលោក ត្រាំ បានស្ថិតក្នុងរង្វង់៣,៥ភាគរយ។ ដោយឡែក នៅក្រោមការគ្រប់គ្រងរបស់លោកបៃដិន អត្រាភាពអត់ការងារធ្វើបានធ្លាក់ចុះដល់ចំនួន៣,៤% ក្នុងខែមករា ឆ្នាំ២០២៣ ដែលជាអត្រាទាបបំផុតក្នុងរយៈពេលជាង៥០ឆ្នាំ។
ទី៤: ប្រាក់ឈ្នួល
ប្រាក់ឈ្នួលរបស់កម្មករអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សនៅដើមឆ្នាំ២០២០ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែ ការកើនឡើងនាពេលនោះត្រូវបានផ្សារភ្ជាប់ទៅនឹងកម្មករដែលមានប្រាក់ខែទាប។
ដោយឡែក នៅក្រោមរដ្ឋបាលរបស់លោកបៃដិន ប្រាក់ឈ្នួលប្រចាំសប្តាហ៍ជាមធ្យមរបស់កម្មករបានកើនឡើង។ ប៉ុន្តែ ប្រជាជនអាមេរិកនៅតែជួបប្រទះផលពិបាក ដោយសារការកើនឡើងនៃតម្លៃទំនិញ ដែលបណ្តាលមកពីអត្រាអតិផរណាដ៏ខ្ពស់៕ប្រភព: BBC៕
