ទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការពង្រីកខ្លួនឆ្ពោះទៅមុខបន្ថែមទៀត

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានឱ្យដឹងថា ទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលមួយដ៏សំខាន់។

ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ទីផ្សារនេះត្រូវបានជំរុញ ដោយការធ្វើឌីជីថលូនីយកម្មរបស់ប្រទេសកម្ពុជា រួមទាំងការជឿនលឿនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក ធនាគារអេឡិចត្រូនិក និងគំនិតផ្តួចផ្តើមឌីជីថលរបស់រដ្ឋាភិបាល។

ស្របពេលមានការកើនឡើងនៃបណ្តាក្រុមហ៊ុនប្រតិបត្តិករធំៗ និងការកែសម្រួលច្បាប់របស់រដ្ឋាភិបាល ទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងទសវត្សរ៍ក្រោយ។

ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាមធ្យម៧%ជារៀងរាល់ឆ្នាំ ដោយសារការជំរុញការអភិវឌ្ឍន៍វិស័យសំខាន់ៗដូចជា ពាណិជ្ជកម្មអេឡិចត្រូនិក និងធនាគារអេឡិចត្រូនិក។

ភាពជឿនលឿនទាំងនេះ គួបផ្សំនឹងគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវេទិកាឌីជីថល បានជំរុញការកើនឡើងនៃប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យដូចជា ByteDC មជ្ឈមណ្ឌលទិន្នន័យចតុមុខ (CDC) និងមជ្ឈមណ្ឌលទិន្នន័យដូនពេញ (DPDC)។

តម្រូវការនៅក្នុងការរក្សាទុកទិន្នន័យឱ្យមានសុវត្ថិភាព បានជំរុញឱ្យមានការផ្លាស់ប្តូរ ជាពិសេសក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។ ឧស្សាហកម្មទាំងនេះផ្តល់អាទិភាពដល់សុវត្ថិភាពទិន្នន័យ និងការការពារអតិថិជន ដែលជំរុញតម្រូវការមជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់ និងគួរឱ្យទុកចិត្តបាន។

របាយការណ៍របស់ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់កម្ពុជានឹងកើនឡើងយ៉ាងឆាប់រហ័ស ខណៈគម្រោងថ្មីមួយក្រោមទំហំទុនវិនិយោគចំនួន៣០លានដុល្លារដែលដឹកនាំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) គ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥។

លើសពីនេះ រដ្ឋាភិបាលកម្ពុជាត្រូវបានគេរំពឹងថា នឹងដាក់ចេញច្បាប់តម្រូវឱ្យបណ្តាក្រុមហ៊ុននានាត្រូវរក្សាទុកទិន្នន័យនៅក្នុងស្រុក។ ការណ៍នេះអាចនឹងពន្លឿនកំណើននៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅកម្ពុជាក្នុងរយៈពេលមធ្យម និងរយៈពេលវែង៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here