ដោយៈ គង់ សូរិយា
ប្រទេសចិនៈ
លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមកិច្ចប្រជុំខាងលើ នៅទីក្រុងគុនមិញ ខេត្តយូណាន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ពហុវិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។
ដោយៈ គង់ សូរិយា
ប្រទេសចិនៈ
លោកសួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានចូលរួមកិច្ចប្រជុំខាងលើ នៅទីក្រុងគុនមិញ ខេត្តយូណាន ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ ពហុវិស័យរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តយូណាន។
មានមតិក្នុងកិច្ចប្រជុំ លោកអគ្គលេខាធិការរងបានថ្លែងនូវការអបអរសាទរយ៉ាងក្លៀវក្លា ជូនរដ្ឋបាលខេត្តយូណាន សម្រាប់ភាពជោគជ័យ នៃការរៀបចំកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ “ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។
បន្ថែមពីនេះ លោកសួន សុផល បានគូសបញ្ជាក់សាជាថ្មីអំពីចំណងមិត្តភាពជាប្រពៃណី ដែលភាគីទាំងពីរបានខិតខំប្រឹងប្រែងកសាងសហគមន៍វាសនារួមកម្ពុជា -ចិនប្រកបដោយភាពស៊ីជម្រៅពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមាន ក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏ដូចជារបៀងមច្ឆា និងអង្ករ។
ក្នុងស្មារតីដុសខាត់កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រលើកិច្ចការស្តីពីវិនិយោគ ឱ្យកាន់តែភ្លឺចែងចាំងមួយកម្រិតទៀតនិយាយជារួម និងនិយាយដោយឡែក ក្នុងក្របខ័ណ្ឌទ្វេភាគីក្នុងនាមជាមិត្តរួមទន្លេមេគង្គ-ឡានឆាងតែមួយ ជាមួយខេត្តយូណាន លោកបានលើកទឹកចិត្តសហគ្រាសមកខេត្តយូណាន ឱ្យមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជាដើម្បីផលិតវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្នុងតំបន់។
ផ្តើមចេញពីក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រំហូរវិនិយោគផ្ទាល់ពីប្រទេសចិន មកបណ្តាក់ទុនលើទឹកដីកម្ពុជា តែងតែឈរនៅលំដាប់កំពូលជានិច្ច ក្នុងរយៈពេល១ទសវត្សរ៍កន្លងមកនេះ។
ជាក់ស្តែង ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ គម្រោងវិនិយោគចិននៅកម្ពុជា បានឈរនៅលំដាប់លេខរៀងទី១ ក្រោមទុនវិនិយោគសរុបប្រមាណ៣,២១ពាន់លានដុល្លារអាមេរិក៕