តើឆ្នាំ២០២៥ អាចជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈឆ្នាំ២០២៥ កាន់តែខិតជិតមកដល់ ការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចសកលកំពុងកើនឡើង ខណៈសេដ្ឋកិច្ចរបស់បណ្តាប្រទេសមហាអំណាចធំៗមួយចំនួនបានបង្ហាញសញ្ញានៃភាពតានតឹង។

វិបត្តិសេដ្ឋកិច្ចកើតមានឡើងនៅពេលដែលផលទុនជាតិសរុប (GDP) ធ្លាក់ចុះចំនួន២ត្រីមាសជាប់ៗគ្នា ដោយឆ្លុះបញ្ចាំងឱ្យឃើញពីការដាំក្បាលចុះយ៉ាងគំហុកនៃសកម្មភាពសេដ្ឋកិច្ច។

ធនាគារខ្នាតយក្សអាមេរិក JP Morgan ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កបានប៉ាន់ប្រមាណថា វិបត្តិសេដ្ឋកិច្ចសកលមានប្រូបាប៊ីលីតេ ឬឱកាសដែលអាចកើតឡើងចំនួន១៥ភាគរយនៅក្នុងឆមាសទីមួយ ឆ្នាំ២០២៥។

ប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អឺរ៉ុបបានរងសម្ពាធយ៉ាងខ្លាំង។ តម្លៃថាមពលខ្ពស់ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនកំពុងជះផលប៉ះពាល់អវិជ្ជមានលើឧស្សាហកម្មរបស់អាល្លឺម៉ង់ ដែលបង្កើនការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ច។

ប្រទេសអង់គ្លេស​កំពុង​ស្ថិត​នៅលើមាត់ជ្រោះនៃ​វិបត្តិ​សេដ្ឋកិច្ច ខណៈផលទុនជាតិសរុប (GDP)របស់អង់គ្លេសបានបង្ហាញ​ពី​អត្រាកំណើន​សូន្យ​ភាគរយក្នុង​ត្រីមាស​ទី​៣ ​ឆ្នាំ២០២៤ ដែល​បង្ហាញ​ពី​ការ​នៅ​ទ្រឹងផ្នែកសេដ្ឋកិច្ច។

ប្រទេសជប៉ុនបានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចកាលពីដើមឆ្នាំ២០២៤ ដោយសារតម្រូវការក្នុងស្រុកដាំក្បាលចុះ។ បំណុលគ្រួសារជាមធ្យមនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់ចំនួន៦,៥៥លានយ៉េនក្នុងឆ្នាំ២០២៣ លើសពីប្រាក់ចំណូលជាមធ្យម ដោយបង្ខំឱ្យគ្រួសារជាច្រើនងាកទៅរកប្រាក់កម្ចីដែលមានអត្រាការប្រាក់ខ្ពស់។

ចំណែក ប្រទេសនូវែលសេឡង់ក៏បានឈានចូលដល់វិបត្តិសេដ្ឋកិច្ចផងដែរ ដោយសារផលទុនជាតិសរុបរបស់ប្រទេសនេះបានធ្លាក់ចុះ១% នៅក្នុងត្រីមាសទី៣ បន្ទាប់ពីធ្លាក់ចុះ១,១% ក្នុងត្រីមាសទី២។ ការធ្លាក់ចុះនៃកំណើន GDP រយៈពេល២ត្រីមាសជាប់គ្នានេះ ជាសញ្ញាបង្ហាញថា ប្រទេសនូវែលសេឡង់បានធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចហើយ។

ផ្ទុយ​ទៅ​វិញ សេដ្ឋកិច្ច​របស់សហរដ្ឋអាមេរិក​នៅ​តែ​មាន​ភាព​រឹង​មាំ ដោយសារភាពធន់នៃទីផ្សារការងារអាមេរិក។ ថ្មីៗនេះ ធនាគារ Goldman Sachs បានទាញបន្ទាបប្រូបាប៊ីលីតេ ឬឱកាសផ្ទុះឡើងនៃវិបត្តិសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល១២ខែបន្ទាប់ មកនៅត្រឹមចំនួន១៥% បើធៀបនឹងការព្យាករណ៍ពីមុនចំនួន២០%។

ទោះជាយ៉ាងណាក្តី ភាពរឹងមាំនៃប្រាក់ដុល្លារអាមេរិកបានក្លាយជាបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសនៅតំបន់អាស៊ី ដោយមិនរាប់បញ្ចូលប្រទេសជប៉ុន។នេះបើយោងតាមលោក ​​Rajeev Agrawal សេដ្ឋវិទូរបស់មូលនិធិ Doordarshi India Fund។

ជាមួយគ្នានេះ ហានិភ័យភូមិសាស្ត្រនយោបាយ និងគោលនយោបាយពាណិជ្ជកម្មធ្វើឱ្យសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដនិយម។

ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធថ្មីលើគ្រប់មុខទំនិញ ដែលនាំចូលទៅកាន់សហរដ្ឋអាមេរិក អាចរំខានដល់ពាណិជ្ជកម្មពិភពលោកបន្ថែមទៀត ដែលធ្វើឱ្យសម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។

លោក Mark Matthews សេដ្ឋវិទូរបស់ធនាគារ Julius Baer បានសង្កត់ធ្ងន់ថា “វាពិបាកណាស់ក្នុងការទស្សន៍ទាយអំពី វិបត្តិសេដ្ឋកិច្ច ដោយសារភាពស្មុគស្មាញនៃប្រព័ន្ធសេដ្ឋកិច្ចសកល”។

លោកបញ្ជាក់បន្ថែមថា “វិបត្តិសេដ្ឋកិច្ចមិនអាចទាយទុកជាមុនបានទេ។ ក្នុងករណី ដែលសេដ្ឋវិទូ​រូបណាទស្សន៍ទាយត្រូវ នោះគ្រាន់តែជាសំណាងរបស់ពួកគេប៉ុណ្ណោះ”៕ប្រភព: CNBC ៕

LEAVE A REPLY

Please enter your comment!
Please enter your name here