ក្រុមអ្នកធុរកិច្ចមកពីប្រទេសចិននិងសឹង្ហបុរីស្វែងយល់ឱកាសវិនិយោគលើវិស័យចំនួន៥នៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រតិភូវិនិយោគិនអញ្ជើញមកពីប្រទេសចិន និងសិង្ហបុរីដែលមកស្វែងយល់ពីឱកាសវិនិយោគ លើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យ។

ក្នុងជំនួបនេះ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន និងសិង្ហបុរីតំណាងដោយ លោក Darren Teng នាយកគ្រប់គ្រងនៃ Cambodia Securities Plc. ក្នុងគោលបំណងផ្លាស់ប្តូរនូវព័ត៌មានសំខាន់នានា ពាក់ព័ន្ធនឹងសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

មានមតិក្នុងជំនួបខាងលើ លោកនុត អ៊ុនវ័ណរ៉ាបានថ្លែងអំណរគុណ ជូនចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាមុនដំណាច់ឆ្នាំ២០២៤ អញ្ជើញមកកាន់កម្ពុជាដោយផ្ទាល់ ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគ និងប្រកបធុរកិច្ច។

ជាមួយគ្នានេះ លោកបានរំលេចអំពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពធន់នៅកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃផលិតផលក្នុងស្រុកសរុបជាលំដាប់ ស្ថិរភាពនៃអត្រាប្តូរប្រាក់ និងអតិផរណា និងកំណើននៃគម្រោងវិនិយោគ។

ពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ តម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់ សម្រាប់ទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យដោយគ្មានការរើសអើង។

ជាក់ស្តែងវិស័យ និងសកម្មភាពវិនិយោគលើសពី១៨ បានទទួលការលើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារ​ពើពន្ធដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ។ ក្នុងស្មារតីនេះ លោកបានស្នើដល់វិនិយោគិនដែលមានវត្តមាននាឱកាសនេះ មេត្តាចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ព្រមទាំងសម្រេចចិត្តជាយុទ្ធសាស្រ្តដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។

ជាការឆ្លើយតប លោក Darren Teng បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ថែមពីនេះ លោកក៏បានបង្ហាញនូវ ចំណាប់អារម្មណ៍យ៉ាងក្រៃលែងនូវវឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលបានរីកចម្រើនគួរជាទីកត់សម្គាល់ក្រោមការដឹកនាំ ចង្អុលទិសរបស់រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច។

លោកជឿជាក់ថាវិនិយោគិន ដែលបានអមដំណើរក្នុងបេសកកម្មការងារនេះ នឹងសម្លឹងមើលឱកាសវិនិយោគ លើសកម្មភាពផលិតគ្រឿងសង្ហារិម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ និងអចលនទ្រព្យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here