បណ្តាក្រុមហ៊ុនចិនស្វែងរកមូលដ្ឋានផលិតកម្មនៅតំបន់អឺរ៉ុប ស្របពេលមានភាពតានតឹងពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនចិនកាន់តែច្រើនគ្រោងបង្កើតរោងចក្រនៅតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតដើម្បីគេចចេញពីពន្ធគយ និងការរំខានពាណិជ្ជកម្មដោយសារតែភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។

ចំនួនអតិថិជនមកពីប្រទេសចិនត្រូវបានរំពឹងថា នឹងកើនឡើងចន្លោះពី១០ភាគរយទៅ១៥ភាគរយនៅឆ្នាំក្រោយ។ នេះបើយោងតាមលោក Jaromir Cernik នាយកប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុន CTP ។

ក្រុមហ៊ុន CTP ជាអ្នកអភិវឌ្ឍន៍ និងជាអ្នកគ្រប់គ្រងអចលនទ្រព្យផ្នែកដឹកជញ្ជូន និងអចលនទ្រព្យផ្នែកឧស្សាហកម្មដ៏ធំបំផុតរបស់តំបន់អឺរ៉ុប ខណៈក្រុមហ៊ុននេះមានទំហំផលបត្រអចលនទ្រព្យសរុបចំនួន១២,៦លានម៉ែត្រការ៉េនៅក្នុងបណ្តាប្រទេសចំនួន១០។

លោក Jaromir Cernik បានបន្តថា “ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ ទៅកាន់សេតវិមានវិញនៅក្នុងខែមករា ឆ្នាំ២០២៥ ក៏អាចជាមូលហេតុ ដែលនាំឱ្យក្រុមហ៊ុនចិននានាស្វែងរកទីតាំងរោងចក្រនៅក្រៅប្រទេស ដើម្បីគេចពីការដាក់ពន្ធបន្ថែមទៀតដោយទីក្រុងវ៉ាស៊ីនតោនលើក្រុមហ៊ុននាំចេញរបស់ចិន”។

លោក Cernik បានអះអាងថា “ក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនជាច្រើនធ្វើការជាមួយក្រុមហ៊ុន BMW ក្រុមហ៊ុន Mercedes-Benz ក្រុមហ៊ុន Volkswagen និងក្រុមហ៊ុន Volvo”។

លោកបានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា “ក្រុមហ៊ុនទាំងនេះភាគច្រើនជាកម្មសិទ្ធិឯកជន ដែលកំពុងរៀបចំផែនការពង្រីកអាជីវកម្ម និងស្វែងរកទីតាំងផលិតកម្មនៅជិតអតិថិជនចុងក្រោយរបស់ខ្លួន”។

បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន (EV) ងាយរងគ្រោះបំផុតចំពោះរបាំងពាណិជ្ជកម្ម និងពន្ធ ខណៈប្រទេសលោកខាងលិចតម្រូវឱ្យក្រុមហ៊ុនចិនដាក់ទីតាំងផលិតកម្មរបស់ខ្លួននៅក្នុងទីផ្សារ ដែលពួកគេចង់នាំចូល។

កាលពីខែតុលា សហភាពអឺរ៉ុបបានអនុវត្តន៍ពន្ធចំនួន៤៥ភាគរយលើការនាំចូលរថយន្ត EV ដែលផលិតនៅក្នុងប្រទេសចិន។ ជាលទ្ធផល ទំហំទឹកប្រាក់នៃការនាំចេញរថយន្ដ EV របស់ប្រទេសចិនទៅកាន់សហភាពអឺរ៉ុបបានដាំក្បាលចុះចំនួន៣៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំ២០២៣។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ Canalys បានឱ្យដឹងថា “ទោះបីជាឥទ្ធិពលនៃការដំឡើងពន្ធគយបានកាត់បន្ថយតម្រូវការរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនយ៉ាងណាក្តី ក៏សហភាពអឺរ៉ុបនៅតែជាទីផ្សារដ៏ទាក់ទាញមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន”៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here