ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រុមហ៊ុន/សហគ្រាសជប៉ុនចំនួនជិត៩០ បានចុះបញ្ជីវិនិយោគនៅកម្ពុជា ក្នុងរយៈពេល១១ ខែដើមឆ្នាំ២០២៤ កើនជាង ២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ បានកើនទំហំទឹកប្រាក់ជាង១,៩ពាន់លានដុល្លារ។
-->
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ មានក្រុមហ៊ុន/សហគ្រាសជប៉ុនចំនួន៨៨ បានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ដោយចំនួននេះ បានកើនឡើង២០,៥៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ក្នុងអំឡុងដូចគ្នានេះ ទំហំទឹកប្រាក់នៃការនាំទំនិញចេញ-ចូលរវាងភាគីទាំង២ មានប្រមាណ១៩៤៩,៨៣លានដុល្លារ កើនឡើង ១៨,៩ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ក្នុងនោះទំនិញកម្ពុជានាំទៅប្រទេសជប៉ុន មានចំនួន១២៧២,៤២លានដុល្លារ កើន១៩,៤ភាគរយ និងទំនិញជប៉ុននាំចូលមានទឹកប្រាក់ចំនួន៦៧៧,៤១លានដុល្លារ កើនឡើង១៨,១ភាគរយ។ ជប៉ុន គឺជាប្រទេសដៃគូពាណិជ្ជកម្មធំជាងគេទី៥របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងថៃ។
ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន គឺមានភាពល្អប្រសើរ ដោយក្នុងឆ្នាំ២០២៤ នេះភាគីទាំង២ បានជួបពិភាក្សាគ្នាជាច្រើន ជាពិសេសក្រសួងពាណិជ្ជកម្មបានចូលរួមប្រជុំពិភាក្សា លើការងារពាណិជ្ជកម្មកម្ពុជា-ជប៉ុន ក្រោមប្រធានបទ “ធុរកិច្ចឥណទានកាបូន និងបរិយាកាសវិនិយោគនៅកម្ពុជា”។
ក្រសួងបានលើកឡើងថា ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នេះក្រសួងពាណិជ្ជកម្ម បានបុរេសកម្មអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យគួរជាទីកត់សម្គាល់ ក្នុងការធ្វើពិពិធកម្មទីផ្សារ តាមរយៈការពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មីៗ ព្រមទាំងធ្វើពិពិធកម្មផលិតផល ដើម្បីធានាភាពសម្បូរបែប និងទាក់ទាញនៃទំនិញផលិតនៅកម្ពុជា (Made in Cambodia) សម្រាប់បម្រើការនាំចេញ និងធ្វើពាណិជ្ជកម្មលើថ្នាលពាណិជ្ជកម្មអេឡិចត្រូនិកធំៗ ដើម្បីច្បាមយកកាលានុវត្តភាពទីផ្សារ ដោយប្រើយន្តការពាណិជ្ជកម្មឌីជីថល សំដៅរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច សង្គមកម្ពុជា»។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP អ្នកឧកញ៉ាសំ សុខនឿន ដែលកំពុងសិក្សាអំពីទីតាំង និងលទ្ធភាព បង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន បានមានប្រសាសន៍ឲ្យដឹងថា ភាគច្រើននៃការវិនិយោគរបស់ជប៉ុន ត្រូវបានគេទទួលស្គាល់ថា មានភាពច្បាស់លាស់ និងយូរអង្វែង ព្រោះមុននឹងសម្រេចដាក់ទុនវិនិយោគលើអ្វីមួយ ឬទីតាំងណាមួយ គឺពួកគេតែងទៅធ្វើការសិក្សាយ៉ាងលម្អិត។

កំណើនក្រុមហ៊ុន/សហគ្រាសជប៉ុនចុះបញ្ជី គឺជាការចង់បានរបស់រដ្ឋាភិបាល និងផ្នែកឯកជន ព្រោះរាល់ការវិនិយោគមិនត្រឹមតែជួយបង្កើតការងារ និងប្រាក់ចំណូល ទៅដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយផ្តល់នូវជំនាញ និងចំណេះដឹងដល់បុគ្គលិកធ្វើការ និងអ្នកពាក់ព័ន្ធផងដែរ។
លោកបញ្ជាក់ថា “ជាទូទៅការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន គឺមានភាពច្បាស់លាស់ ដូច្នេះកំណើនក្រុមហ៊ុន/សហគ្រាសជប៉ុនចូលមកកម្ពុជា នឹងនាំមកនូវផលចំណេញយ៉ាងច្រើន សម្រាប់វិស័យសេដ្ឋកិច្ច។ បច្ចុប្បន្នការវិនិយោគរបស់ជប៉ុននៅកម្ពុជា មាននៅក្នុងផ្នែកជាច្រើន រួមទាំងវិស័យសំណង់ និងអចលនទ្រព្យ”។
លោកលើកឡើងទៀតថា បច្ចុប្បន្នប្រទេសកម្ពុជា និងជប៉ុន គឺសុទ្ធតែ ជាសមាជិកនៃកិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដូច្នេះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងបន្តកើនឡើងច្រើនបន្ថែមទៀត។
ការវិនិយោគរបស់ជប៉ុននៅកម្ពុជា មាននៅក្នុងវិស័យជាច្រើនដូចជា សំណង់ អចលនទ្រព្យ សណ្ឋាគារ ទេសចរណ៍ រោងចក្រដំឡើងយានយន្ត រោងចក្រកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ចំណីអាហារ ការដាំដុះដំណាំ គ្រឿងបង្គុំអេឡិចត្រូនិក-អគ្គិសនី និងផ្សារទំនើបជាដើម។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី ERI Arfiya ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បានសន្យាថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងពាណិជ្ជកម្មជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ខណៈចំនួនវិនិយោគិនជប៉ុន ដែលមកបណ្តាក់ទុននៅកម្ពុជា កំពុងបកើនឡើងជាបន្តបន្ទាប់។
លោកស្រីERI Arfiya បានថ្លែងថា “ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្ត រវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀត”។
ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែសកម្ម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា សមាគមឧកញ៉ាកម្ពុជា សហការជាមួយសមាគមជប៉ុន-កម្ពុជា បានរៀបចំ “ជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ២០២៤”។
កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅកាន់ប្រទេសជប៉ុនរួមមាន សម្លៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារឹម គ្រឿងសំអាង ក្រដាស សម្ភារៈការិយាល័យ និងផលិផលស្បែក និងនាំចូលមកវិញគ្រឿងចក្រ រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម ក្រណាត់ និងផលិតផលប្លាស្ទិកពីប្រទេសជប៉ុន៕
