តើបណ្តាប្រទេសណាខ្លះ ដែលជួបប្រទះឧបទ្ទវហេតុយន្តហោះនៅក្នុងឆ្នាំ២០២៤?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះបីជាការធ្វើដំណើរតាមផ្លូវអាកាសត្រូវបានកែលម្អ និងធ្វើឱ្យប្រសើរឡើងយ៉ាងណាក្តី ប៉ុន្តែឧបទ្ទវហេតុនៅតែបន្តកើតមាន។

តួយ៉ាង នៅក្នុងឆ្នាំ២០២៤ ឧបទ្ទវហេតុយន្តហោះជាច្រើនបានកើតឡើង ហើយនៅចុងឆ្នាំ២០២៤ គ្រោះថ្នាក់ចេញពីយន្តហោះ បានធ្វើឱ្យមនុស្សជាច្រើននាក់ បានស្លាប់ និងរបួស។

តើបណ្តាប្រទេសណាខ្លះ ដែលជួបប្រទះឧបទ្ទវហេតុយន្តហោះនៅក្នុងឆ្នាំ២០២៤?

ទី១. ការប៉ះទង្គិចយន្តហោះនៅអាកាសយានដ្ឋាន Haneda Airport របស់ប្រទេសជប៉ុន។

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ យន្តហោះដឹកអ្នកដំណើរក្រុមហ៊ុន Japan Airlines បានប៉ះជាមួយយន្តហោះល្បាតជប៉ុន នៅអាកាសយានដ្ឋាន Haneda នៅក្រៅទីក្រុងតូក្យូ។

គ្រោះថ្នាក់មួយនេះ បានធ្វើឱ្យមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ ខណៈអ្នកដំណើរលើយន្តហោះ ត្រូវបានជម្លៀសទាន់ពេលវេលា។ ការប៉ះទង្គិចនេះ កើតមាន ក្រោយយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ត្រៀមចុះចតនៅលើផ្លូវរត់។

ទី២. ករណីដាច់ទ្វារយន្តហោះ Boeing។

រំលងបានត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះថ្នាក់នៅជប៉ុន យន្តហោះ 737 Max 9 របស់ក្រុមហ៊ុន Boeing ដែលដឹកមនុស្សចំនួន១៧៧នាក់ បានរបូតទ្វារមួយ ក្រោយហោះចេញពីអាកាសយានដ្ឋាន Portland International Airport ក្នុងរដ្ឋ Oregon របស់សហរដ្ឋអាមេរិក។ ក្រោយរបូតទ្វារ យន្តហោះរបស់ក្រុមហ៊ុន Boeing មួយគ្រឿងនេះ បានចុះចតដោយសុវត្ថិភាព និងគ្មានករណីរបួសអ្វីឡើយ។

ទី៣. ករណីធ្លាក់យន្តហោះដឹកអ្នកទោសអ៊ុយក្រែន។

នៅថ្ងៃទី២៤ ខែមករា យន្តហោះ Ilyushin Il-76M ដែលដឹកអ្នកទោសអ៊ុយក្រែនចំនួន៦៥នាក់ អ្នកធ្វើដំណើរចំនួន៣នាក់ និងបុគ្គលិកបម្រើលើយន្តហោះចំនួន៦នាក់ បានធ្លាក់នៅតំបន់ Belgorod។ មនុស្សនៅលើយន្តហោះទាំងអស់បានបាត់បង់ជីវិត។ ករណីធ្លាក់យន្តហោះនេះ ត្រូវបានរុស្ស៊ីចោទអ៊ុយក្រែនថា ជាភាគីបាញ់ទម្លាក់។

នៅក្នុងខែមីនា យន្តហោះដឹកជញ្ជូនរបស់រុស្ស៊ី IL-76 មួយគ្រឿងទៀត បានធ្លាក់ នៅក្បែរតំបន់ Belgorod។ បុគ្គលបម្រើការលើយន្តហោះចំនួន៨នាក់ និងអ្នកដំណើរ៧នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត។

ទី៤. ករណីធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតីអុីរ៉ង់ លោក Ebrahim Raisi។

នៅថ្ងៃទី២៤ ខែឧសភា ឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអុីរ៉ង់ លោក Ebrahim Raisi និងមន្រ្តីជាន់ខ្ពស់មួយចំនួន បានធ្លាក់នៅក្បែរភូមិ Tavil ក្នុងខេត្ត Azerbaijan ខាងកើត ក្រោយពីមានអាកាសធាតុមិនល្អ។ ក្នុងឧបទ្ទវហេតុនេះ គ្មានអ្នកនៅរស់រានមានជីវិតឡើយ រួមទាំងលោកប្រធានាធិបតី លោក Ebrahim Raisi។

ទី៥. ករណីចុះចតបន្ទាន់របស់យន្តហោះ Singapore Airlines។

នៅថ្ងៃទី២១ ខែឧសភា យន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុន Singapore Airlines បានចុះចតបន្ទាន់ ក្រោយជួបស្ថានការណ៍អាសន្ន (Turbulence) ពាក់ព័ន្ធនឹងខ្យល់បោកបក់ខ្លាំងអំឡុងពេលធ្វើដំណើរតាមផ្លូវអាកាស។

អ្នកដំណើរចំនួន១០៤នាក់ បានរងរបួស និង១នាក់បានស្លាប់។ ក្រោយជួបបញ្ហានេះ យន្តហោះ Singapore Airlines បានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក។

ទី៦.ករណីធ្លាក់យន្តហោះរបស់អនុប្រធានាធិបតីម៉ាឡាវី។

នៅថ្ងៃទី១០ ខែមិថុនា យន្តហោះ Dornier 228 ដឹកអនុប្រធានាធិបតីម៉ាឡាវីលោក Saulos Chilima និងអតីតស្រ្តីទីមួយលោកស្រី Patricia Shanil Muluzi និងមនុស្សផ្សេងទៀត បានធ្លាក់នៅតំបន់ព្រៃ Chikangawa Forest Reserve ក្នុងស្រុក Mzimba។ អ្នកដំណើរទាំងអស់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍នេះ។

ទី៧.ករណីធ្លាក់យន្តហោះនៅប្រទេសប្រេស៊ីល។

នៅថ្ងៃទី៩ ខែសីហា យន្តហោះ ATR 72-500 ដែលដឹកអ្នកដំណើរ និងបុគ្គលចំនួន៦២នាក់ បានចាកចេញពីទីក្រុង Cascavel ទៅកាន់ទីក្រុង Sao Paulo។ យន្តហោះមួយគ្រឿងនេះ​ បានធ្លាក់នៅតំបន់ប្រជុំជន Vinhedo ក្នុងទីក្រុង Sao Paulo ដែលធ្វើឱ្យមនុស្សលើយន្តហោះស្លាប់ទាំងអស់។

ទី៨. ករណីធ្លាក់យន្តហោះរបស់អាស៊ែបៃហ្សង់។

យន្តហោះមួយគ្រឿង ដែលស្ថិតនៅក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន Azerbaijan Airlines នៅថ្ងៃទី២៦ ខែធ្នូ បានធ្លាក់នៅក្បែរក្រុង Aktau របស់កាហ្សាក់ស្ថាន។ យន្តហោះមួយគ្រឿងនេះ បានហោះចេញពីទីក្រុងបាគូ ទៅកាន់ទីក្រុង Chechnya របស់រុស្ស៊ី។ ករណីធ្លាក់យន្តហោះនេះ មានមនុស្សចំនួន៣៨នាក់បានស្លាប់ ក្នុងចំណោមអ្នកដំណើរសរុប៦៧នាក់។

ទី៩. ករណីឧបទ្ទវហេតុយន្តហោះនៅអាកាសយានដ្ឋានកូរ៉េខាងត្បូង។

យន្តហោះ Jeju Air flight 7C 2216 មួយគ្រឿងបានដឹកមនុស្ស១៨១នាក់ ហោះចេញពីទីក្រុងបាងកក ហើយបានជួបឧបទ្ទវហេតុនៅព្រលានយន្តហោះអន្តរជាតិ Muan របស់កូរ៉េខាងត្បូង ដោយសម្លាប់អ្នកដំណើរ១៧៩នាក់ និងរបួស២នាក់ នៅថ្ងៃទី២៩ ខែធ្នូ។ ឧបទ្ទវហេតុនេះ បានបង្កឡើងដោយបញ្ហានៃដំណើរការកង់យន្តហោះចុះចតមិនប្រក្រតី៕ប្រភព: Newsweek៕

LEAVE A REPLY

Please enter your comment!
Please enter your name here