ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងប្រមុខរដ្ឋាភិបាលសុទ្ឋតែបានផ្តល់សារៈសំខាន់ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញនិងបង្កើនល្បឿនកំណើនសេដ្ឋកិច្ចជាតិ។
ជាក់ស្តែងពីរទសវត្សរ៍ចុងក្រោយនេះ រដ្ឋាភិបាលបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋតូចធំ ទូទាំងប្រទេសក្នុងទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ក្រោមជំនួយពីដៃគូអភិវឌ្ឍន៍ និងកការវិភាជន៍ថវិការបស់រដ្ឋាភិបាល។
-->
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនដែលមានលោក ប៉េង ពោធិ៍នា ជារដ្ឋមន្រ្តី ខិតខំពន្លឿននីតិវិធីក្នុងការអនុវត្ត គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗចំនួន១២គម្រោង ដែលជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងពីបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា។

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល បានលើកពីគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សំខាន់ៗទាំង១២ ដែលជាគម្រោងយុទ្ធសាស្រ្តក្នុងការជំរុញនីតិវិធី ធ្វើយ៉ាងណាអាចឈានទៅចុះកិច្ចព្រមព្រៀង បើកការដ្ឋានសាងសង់នាពេលខាងមុខក្នុងនោះរួមមាន៖
ទី១ ផ្លូវជាតិលេខ៥០សេ និងស្ពានឆ្លងកាត់ទន្លេសាបពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ។
ទី២ កំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ)។
ទី៣ ផ្លូវជាតិលេខ៥៧(បាត់ដំបង-អូរព្រះ)
ទី៤ កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម)
ទី៥ -ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដាំ)
ទី៦ -ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់)
ទី៧ កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគៀល) (រង់ចាំជំនួយឥតសំណង)
ទី៨ ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម- ពាមរក៍)
ទី៩ ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក)
និងទី១០ ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

លើសពីនេះ លោកស៊ុន ចាន់ថុលបានជំរុញកិច្ចសហការរវាងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និង ដឹកជញ្ជូននិងក្រុមហ៊ុនវិនិយោគ រួមទាំងភាគីពាក់ព័ន្ធលើការសិក្សាលម្អិត ដើម្បីឈានទៅការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ -សៀមរាប-ក្រុង ប៉ោយប៉ែត ក្រោមក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន។

ក្នុងចំណោមគម្រោងសំខាន់ៗ ដែលលោកស៊ុន ចាន់ថុល ស្នើឲ្យខិតខំពន្លឿននីតិវិធីទាំង១២គម្រោង លោក ស៊ុន ចាន់ថុល បានលើកយកគម្រោងអាទិភាពទី១ ដែលលោកផ្តល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនខិតខំសម្រេចឲ្យបាន នៅក្នុងឆ្នាំ២០២៤ គឺគម្រោងសាងសង់ផ្លូវជាតិ ៥០C ដែលប្រើប្រាស់ថវិកាពីរដ្ឋាភិបាលចិន មានប្រវែងប្រមាណ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដោយត្រូវចរចាតម្លៃជាមួយមិត្តចិន ដើម្បីអាចឈានទៅបើកការដ្ឋានសាងសង់ឲ្យបានឆាប់បំផុត៕
