ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូចិន ដឹកនាំដោយលោក នាវ តាហុង (Niu Dahong) ប្រធានក្រុមហ៊ុន86Links Co., Ltd ដែលស្វែងយល់ពីោកាសវិនិយោគនៅកម្ពុជា។
ក្រុមហ៊ុន86Links Co., Ltd. មានជំនាញនិងបទពិសោធន៍ជោគជ័យ លើការផ្តល់សេវារៀបចំ ថ្នាលបច្ចេកវិទ្យាឧស្សាហកម្មឌីជីថលនៅប្រទេសចិន។
-->
លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានជម្រាបជូនពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិសេសគណៈកម្មាធិការវិនិយោគកម្ពុជា ដែលមានតួនាទីស្នូល ក្នុងការជំរុញទាក់ទាញការវិនិយោគឯកជន និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ បន្ថែមលើនេះ លោកក៏បានគូសរំលេចពីស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ និងរបបលើកទឹកចិត្តវិនិយោគ ដែលពោរពេញដោយភាពអំណោយផល។
មានមតិក្នុងជំនួបនេះ លោក នាវ តាហុង ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់ លោកអគ្គលេខាធិការរងដែលបានទទួលជួបគណៈប្រតិភូក្រុមហ៊ុន ព្រមទាំងបានអត្ថាធិប្បាយយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក៏ដូចជាកិច្ចការដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកំពុងអនុវត្ត។
លោក នាវ តាហុង បានជម្រាបជូនថា គោលបំណងនៃកិច្ចពិភាក្សានាថ្ងៃនេះ ក្រៅអំពីការស្វែងយល់ពីកាលានុវត្តភាព វិនិយោគនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបង្ហាញ ជូនពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការរៀបចំថ្នាលបច្ចេកវិទ្យាឌីជីថលមួយដែលអាចជួយជំរុញទាក់ទាញ ការវិនិយោគមកកម្ពុជា តាមរយៈការផ្សព្វផ្សាយពីព័ត៌មានពាក់ព័ន្ធ នឹងការវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ ការតភ្ជាប់បណ្តាញព័ត៌មាន/ទិន្នន័យនៃតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាគម្រោងវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ហើយជាពិសេសទៀតនោះ ថ្នាលបច្ចេកវិទ្យានេះ ក៏អាចធ្វើការតភ្ជាប់ ជាមួយថ្នាលព័ត៌មានរបស់ស្ថាប័ន ជំរុញវិនិយោគនិងពាណិជ្ជកម្មប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក ហើយដែលថ្នាលព័ត៌មានទាំងនោះបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកព័ត៌មាននានា ពីបណ្តាក្រុមហ៊ុនដែលមានបំណងទៅធ្វើការវិនិយោគនៅក្រៅប្រទេស៕
