តើសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ២០២៥នេះ អាចមានស្ថានភាពល្អប្រសើរឡើងវិញដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបាននិងកំពុងប្រឈមមុខនឹងការធ្លាក់ចុះនៃអត្រាកំណើនសេដ្ឋកិច្ចជាតិ និងការធ្លាក់ចុះនៃតម្រូវការប្រើប្រាស់ក្នុងស្រុក ដែលមួយផ្នែកបណ្តាលមកពីវិបត្តិអចលនទ្រព្យ។

យោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន ​​(NBS) ដែលបានចេញផ្សាយនៅថ្ងៃទី១៧ ខែមករាបានឱ្យដឹងថា នៅត្រីមាសទី៤ ឆ្នាំ២០២៤ សេដ្ឋកិច្ចចិនបានកើនឡើងក្នុងរង្វង់៥,៤ភាគរយ ខណៈកំណើនសេដ្ឋកិច្ចចិនពេញមួយឆ្នាំ២០២៤ បានស្ថិតក្នុងរង្វង់៥ភាគរយ ស្របតាមគោលដៅរបស់រដ្ឋាភិបាលចិន។

ជាមួយគ្នានេះ ផលទុនជាតិសរុប(GDP) របស់ប្រទេសចិនសម្រេចបានទំហំទឹកប្រាក់ចំនួន១៣៤,៩ទ្រីលានយ័ន (ប្រហែល១៨,៧៧ទ្រីលានដុល្លារអាមេរិក)កាលពីឆ្នាំមុន។

យោងតាមការព្យាករណ៍ដោយធនាគារវិនិយោគខ្នាតយក្ស Goldman Sachs របស់សហរដ្ឋអាមេរិកបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងអាចធ្លាក់ចុះមកនៅត្រឹមចំនួន៤,៥ភាគរយក្នុងឆ្នាំ២០២៥នេះ។

លោកស្រី Lizzi C. Lee អ្នកជំនាញផ្នែកសេដ្ឋកិច្ចចិននៅស្ថាប័ន Asia Society ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានលើកឡើងថា នៅឆ្នាំ២០២៥ ប្រទេសចិននឹងប្រឈមមុខជាមួយបញ្ហាសេដ្ឋកិច្ចថ្មី ដោយសារប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានប្រកាសយកពន្ធខ្ពស់លើការនាំចេញទំនិញរបស់ចិន។

តើអ្វីទៅជាយុទ្ធសាស្ត្រជំរុញកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន?

ប្រធានាធិបតីចិន លោក សុី ជីនពីង បានសង្កត់ធ្ងន់ថា ការជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុកឱ្យបានខ្លាំងក្លា និងការកែលម្អប្រសិទ្ធភាពនៃការវិនិយោគ ជាកិច្ចការដ៏សំខាន់សម្រាប់ឆ្នាំ២០២៥។

ជាមួយគ្នានេះ អាជ្ញាធរចិនគ្រោងបង្កើនអត្រាឱនភាពសារពើពន្ធ បង្កើនការបោះផ្សាយលក់មូលបត្របំណុលរយៈពេលវែង និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីទាញទម្លាក់អត្រាសាច់ប្រាក់តម្កល់ជាកំហិត នៅតាមធនាគារនានា និងបញ្ចុះអត្រាការប្រាក់ ដើម្បី​ចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច​ចិន។

វិធានការទាំងនេះ​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ធំ​មួយ​មិនធ្លាប់មានក្នុង​គោល​នយោបាយ​រូបិយវត្ថុ​របស់​ប្រទេស​ចិន ព្រោះគិតចាប់តាំងពីដំណាច់ចុងឆ្នាំ២០១០មក ទីក្រុងប៉េកាំងបានប្រកាន់យកនូវគោលនយោបាយសេដ្ឋកិច្ចយ៉ាងជាទីប្រុងប្រយ័ត្នបំផុត។

លោក Wang Guochen អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Chung-Hua នៅកោះតៃវ៉ាន់បានលើកឡើងថា “ការបន្ធូរបន្ថយនេះមានន័យថា អាជ្ញាធរចិននឹងចាប់ផ្តើមបោះពុម្ពក្រដាសប្រាក់បន្ថែមទៀត និងទិញមូលបត្របំណុលរបស់រដ្ឋាភិបាលក្នុងទ្រង់ទ្រាយធំនៅឆ្នាំនេះ”។

កាលពីខែកញ្ញា ឆ្នាំ២០២៤ ធនាគារកណ្ដាលចិនបានចាប់ផ្តើមអនុវត្តន៍វិធានការជំរុញសេដ្ឋកិច្ចដ៏ធំបំផុត ដោយបញ្ចេញកញ្ចប់ទុនវិនិយោគប្រហែល១ទ្រីលានយ័នទៅក្នុងប្រព័ន្ធធនាគារ។

លុះមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងហិរញ្ញវត្ថុចិនបានបង្ហាញកញ្ចប់ផែនការហិរញ្ញប្បទានក្រោមទំហំទឹកប្រាក់ចំនួន១០ទ្រីលានយ័ន (ប្រហែល១៤ទ្រីលានដុល្លារ) ដើម្បីកាត់បន្ថយសម្ពាធបំណុលរបស់រដ្ឋបាលតាមតំបន់មូលដ្ឋាន។

តើប្រទេសចិនត្រៀមដាក់ចេញផែនការអ្វីខ្លះដើម្បីទប់ស្កាត់ឥទ្ធិពលពីការដំឡើងពន្ធគយរបស់លោក ដូ ណាល់ត្រាំ?

បើទោះបីជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេសចិនមិនបានថ្លែងចំៗអំពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនយ៉ាងណាក្តី ប៉ុន្តែ ពួកគេបានសង្កត់ធ្ងន់ថា “ផលប៉ះពាល់អវិជ្ជមាន ដែលបណ្តាលមកពីការផ្លាស់ប្តូរនៃបរិយាកាសខាងក្រៅនាពេលបច្ចុប្បន្ន កាន់តែមានភាពស៊ីជម្រៅ”។

នៅក្នុងកិច្ចប្រជុំមួយជាមួយ​បណ្តាថ្នាក់ដឹកនាំ​របស់អង្គការ​សេដ្ឋកិច្ច​អន្តរជាតិ​មួយ​ចំនួន​នៅទីក្រុង​ប៉េកាំងកាលពីចុងឆ្នាំ២០២៤ លោក​ប្រធានាធិបតីចិន ស៊ី​ ជីនពីងបាន​លើកឡើង​ថា “នៅក្នុង​សង្គ្រាម​ពន្ធគយ នឹង​គ្មាន​អ្នក​ឈ្នះនោះទេ”។

ត្រង់ចំណុចនេះ លោកស្រី Lizzi C. Lee បានអះអាងថា “គោលជំហរបច្ចុប្បន្នរបស់ទីក្រុងប៉េកាំងក្នុងការឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោក ត្រាំ ជាការត្រៀមរៀបចំខ្លួនដោយប្រុងប្រយ័ត្ន ជាជាងការប្រឈមមុខដាក់គ្នាទាំងស្រុង”។

លោកស្រី Lee បានបន្ថែមថា “ស្របពេលជាមួយគ្នានេះ ប្រទេសចិនកំពុងសម្ងំធ្វើការកែលម្អយ៉ាងស្ងៀមស្ងាត់នូវឧបករណ៍គោលនយោបាយរបស់ខ្លួនដើម្បីឆ្លើយតបវិញ ប្រសិនបើភាពតានតឹងកើនឡើង”។

លោកស្រី Lee បានគូសបញ្ជាក់ទៀតថា “ប្រធានបទនានា រួមមានដូចជា ការស៊ើបអង្កេតសុវត្ថិភាពប្រព័ន្ធអុីនធឺណេត ការរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញ និងការត្រួតពិនិត្យបទប្បញ្ញត្តិលើក្រុមហ៊ុនបរទេសអាចស្ថិតក្នុងរបៀបវារៈនៃការពិភាក្សារបស់ប្រទេសចិន”។

ប្រទេសចិនក៏កំពុងបន្តអនុវត្តន៍យ៉ាងសកម្មនូវយុទ្ធសាស្រ្តជំរុញផលិតកម្មក្នុងស្រុក ក្នុងបរិបទដែលសង្រ្គាមបច្ចេកវិទ្យារវាងចិនជាមួយសហរដ្ឋអាមេរិកនៅតែបន្តអូសបន្លាយ ជាពិសេសការប្រណាំងប្រជែងគ្នានៅក្នុងឧស្សាហកម្មផលិតបន្ទះឈីបទំនើប។

ប៉ុន្តែ លោក Wang អះអាងថា “ការស្វែងរកឯករាជ្យភាពផ្នែកបច្ចេកវិទ្យាបន្ទះឈីប ត្រូវការទុនវិនិយោគដ៏ធំ”។ លើសពីនោះ ការផ្តល់អាទិភាពដល់ឧស្សាហកម្មទាំងនេះអាចរារាំងកំណើននៃវិស័យសេវាកម្ម។ ជាលទ្ធផល ឯករាជ្យភាពផ្នែកបច្ចេកវិទ្យា និងការពង្រីកតម្រូវការក្នុងស្រុក មានការប៉ះទង្គិចគ្នា”៕ប្រភព: DW៕

LEAVE A REPLY

Please enter your comment!
Please enter your name here